ខ្មាន់កាំភ្លើងបាញ់ចូលហាងបាយ ក្បែរខុនដូរ ម៉ឺងយ៉ាង នៅក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ
ខេត្តព្រះសហនុ៖ ស្នូរកាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រោយខ្មាន់កាំភ្លើងបាញ់ចូលហាងបាយមួយកន្លែង ក្បែរខុនដូរ ម៉ឺងយ៉ាង កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវកោះប៉ូឡូវ៉ៃ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ករណីនេះ លោកស្នងការរងខេត្ត បានប្រាប់ថា សមត្ថកិច្ចកំពុងឃាត់ខ្លួនអ្នកពាក់ជាបន្តបន្ទាប់…។
ថ្លែងប្រាប់សារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣ ខែមិថុនា ឆ្នំា២០២៥នេះ លោក ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធប្រាកដមែន ប៉ុន្ដែមិនមែនបាញ់ចូលហាងលក់រថយន្តឡើយគឺជាហាងបាយ។ លោកបន្តថា មកទល់ពេលនេះ កម្លាំងជំនាញបានឃាត់ខ្លួនពាក់ព័ន្ធជាបន្តបន្ទាប់ហើយ។
ចំពោះមូលហេតុ ដែលឈានដល់ការបាញ់ប្រហារ ចំនួនមនុស្សដែលកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបាន រួមទាំងអ្នកបាញ់ជាជនជាតិអ្វី លោកស្នងការរងរូបនេះ មិនទាន់អាចទម្លាយបាននៅឡើយទេ ដោយលោកអះអាងថា រង់ចាំបញ្ចប់នីតិវិធីសិន៕