ឯកឧត្ដម វ៉ី សំណាង ខេត្តតាកែវបន្តទទួលបានឱកាសវិនិយោគរោងចក្រសហគ្រាសបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានរោងចក្រសហគ្រាសចំនួន ៧៦៩ និងកម្មករនិយោជាង ១,១ សែនាក់
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា តាមរយៈការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុននានា បានបន្តចូលមកបណ្តាក់ទុន បើករោងចក្រសហគ្រាសកាន់តែច្រើនឡើងនៅខេត្តតាកែវ និងបានផ្ដល់ឱកាសក្នុងផ្ដល់ការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៥០០ នាក់ នៅសាលាបឋមសិក្សាព្រៃជួរ ឃុំពរពេល ស្រុកត្រាំកក់ នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ភាពជឿជាក់របស់ក្រុមអ្នកវិនិយោគទុនគឺបណ្ដាលមកពីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរជាពិសេសសន្តិភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។ ឯកឧត្ដមបានបន្ថែមថា បើគ្មានសន្តិភាពទេ នោះក៏មិនមានរោងចក្រ សហគ្រាសកើតឡើងដែរ។ ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត ។
ឯកឧត្ដមបន្តទៀតថា ថ្នាក់ដឹកនាំខេត្តនឹងបន្តសកម្មភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ គោលបំណងដ៏សំខាន់នេះគឺដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
បើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសហគ្រាស សរុបចំនួន ៧៦៩ រោងចក្រហសហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១១១.៩៦៨ នាក់ ស្រី ៧៩.៦១០នាក់ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥ រោងចក្រ រោងចក្រ សហគ្រាសក្រៅពីកាត់ដែរចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង សិប្បកម្មផលិតឥដ្ឋ៤កន្លែង៕