អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរ និងពលរដ្ឋរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសដឹកនាំគ្នាទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដើម្បីបំពេញសិទ្ធជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
ឯកឧតុ្តមអភិបាលខេត្ត បានណែនាំ និងអំពាវនាវបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញសម្ពោធបើកដាក់ឲ្យប្រើប្រាស់ព្រះវិហារ១ខ្នងស្ថិតនៅវត្តល្ងើន ឃុំដូនសរ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលថ្មីៗដែលកើតមាននៅពេលនេះ គឺដោយសារប្រទេសមានសន្តិភាព និងការសាមគ្គីគ្នាថែរក្សាសុខសន្ដិភាពពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមថែរក្សាការពារសមិទ្ធផលដែលសាងសង់ថ្មីនេះ សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៏រួម បម្រើដល់ផលប្រយោជន៏មូលដ្ឋាន និងរួមគ្នាទប់ស្កាត់រាល់អំពើអិវិជ្ជមាននៅក្នុងសង្គមជាតិ និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម ។
ទាក់ទងសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាលបានធ្វើការបិទការនាំចូល ផ្លែទុរេនរបស់ប្រទេសវៀតណាម ឯកឧត្តមអភិបាលខេត្តបាន ណែនាំដល់មន្ត្រីមានសមត្ថកិច្ចបន្តតាមឃ្លាំមើលការចរាចរណ៍ផ្លែទុរេន ឲ្យបានជាប់ជាប្រចាំ ដើម្បីបញ្ជៀសការនាំចូល ខណៈកន្លងទៅក្រសួងជំនាញបានធ្វើការពិសោធន៍រកឃើញសារធាតុគីមី និងហាមពលរដ្ឋបរិភោគផ្លែទុរេនដែលគ្មានប្រភពច្បាស់លាស់៕