តារាសម្តែងនាង ព្រះកាយ ច័ន្ទ ៖ នាងពិតជាចង់ឃើញប្អូនៗអ្នកសិល្បៈជំនាន់ក្រោយ មានចំណេះ និងជំនាញសិល្បៈយ៉ាងពិតប្រាកដ ដែលចេញពីសាលាបណ្តុះបណ្តាល
ភ្នំពេញ ៖ តារាសម្តែងនាង ព្រះកាយ ច័ន្ទ បានលើកឡើងថា នាងពិតជាចង់ឃើញប្អូនៗអ្នកសិល្បៈជំនាន់ក្រោយ មានចំណេះ និងជំនាញសិល្បៈយ៉ាងពិតប្រាកដ ដែលចេញពីសាលាបណ្តុះបណ្តាលមួយយ៉ាងត្រឹមត្រូវ ។ នាងបញ្ជាក់ថា យើងពិតជាមិនចង់ឃើញអ្នកសិល្បៈបានសម្តែងដោយសារតាមខ្សែ ឬតាមការយិតយោងពីខាងនេះ ខាងនោះឡើយ ពោលគឺត្រូវតែមានទេពកោសល្យពិតប្រាកដ និងចេញពីសាលា ។
កាលពីពេលថ្មីៗនេះ ព្រះកាយ ច័ន្ទ បានលើកឡើងថា ក្នុងនាម ជាអ្នកសិល្បៈមួយរូប នាងពិតជាសប្បាយរីករាយដែលអាចចែករំលែកបទពិសោធន៍ទៅកាន់ក្មេងៗជំនាន់ក្រោយ តាមរយៈការបណ្តុះបណ្តាលនៅសាលាសិល្បៈ ដែលនាងបានបើកនាពេលបច្ចុប្បន្ននេះ ។
នាងថា យើងសប្បាយចិត្តនៅពេលបានឃើញប្អូនៗជំនាន់ក្រោយបានចុះឈ្មោះចូលរៀន ក្នុងពេលដែលយើងជារៀមច្បងក៏រីករាយ នៅក្នុងការផ្តល់ចំណេះដឹងទៅកាន់ប្អូនៗដែលជាទំពាំងស្នងឫស្សីផងដែរ ។
នាងបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលគោលដៅធំចម្បងរបស់យើង គឺចង់អោយទីផ្សារសិល្បៈនៅក្នុងប្រទេសកម្ពុជា នៅពេលក្មេងៗជំនាន់ក្រោយចេញមកគឺច្បាស់ជាមួយសិល្បៈ ដោយមិនមែនតាមខ្សែ តាមការលើកជើង ឬការសណ្តោងឡើង ប៉ុន្តែអោយគាត់ឡើងតាមសមត្ថភាពសិល្បៈដែលគាត់មាននិងចេញពីសាលាយ៉ាងពិតប្រាកដ ។ ចំណុចនេះ ព្រះកាយ ច័ន្ទ គូសបញ្ជាក់ថា នាងចង់អោយឪពុកម្តាយទាំងអស់ដែលមានបំណងអោយកូនចូលសិល្បៈ សូមផ្តល់តម្លៃដល់សាលាសិល្បៈ ហើយបច្ចុប្បន្នសាលាសិល្បៈដែលធំជាងគេ និងមានតែមួយគត់នៅកម្ពុជាគឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងពេលបន្តបន្ទាប់នោះគឺមានក្លឹបសិល្បៈមួយចំនួន ។
នាងបញ្ជាក់ថា នាងចង់អោយទស្សនិកជនជួយផ្តល់តម្លៃអោយអ្នកសិល្បៈ ដែលចេញពីសាលាពិតប្រាកដ ហើយងាកមកចាប់អារម្មណ៍លើការហាត់រៀនដែលចេញពីមូលដ្ឋានគ្រឹះនៃសិល្បៈយ៉ាងពិតប្រាកដ ។
គួរបញ្ជាក់ថា ក្រៅពីអាជីពសម្តែង ព្រះកាយច័ន្ទ ក៏មានបើកសាលាបណ្តុះបណ្តាលផ្នែកសិល្បះជាច្រើនទម្រង់ទាំងបុរាណ និងសម័យផងដែរ ៕