ភ្លៀងធ្លាក់ជាច្រើនតាមតំបន់ជួរភ្នំ ធ្វើឱ្យព្រៃឈើធនធានធម្មជាតិ និងរុក្ខជាតិជាច្រើនប្រភេទរីកលូតលាស់ ហើយបានបញ្ចេញផ្កាយ៉ាងស្រស់ស្អាត ដែលជាការទាក់ភ្នែកភ្ញៀវទេសចរ ដែលបានឆ្លងកាត់និងមកកម្សាន្តក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ចាប់ពីដើមខែឧសភា ឆ្នាំ២០២៥ ក្រោយភ្លៀងធ្លាក់ជាច្រើនតាមតំបន់ជួរភ្នំ ធ្វើឱ្យព្រៃឈើធនធានធម្មជាតិ និងរុក្ខជាតិជាច្រើនប្រភេទរីកលូតលាស់ ហើយបានបញ្ចេញផ្កាយ៉ាងស្រស់ស្អាត ដែលជាការទាក់ភ្នែកភ្ញៀវទេសចរ ដែលបានឆ្លងកាត់និងមកកម្សាន្តក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកធ្វើដំណើរតាមមធ្យោបាយគ្រប់ប្រភេទតែងតែ សង្កេតឃើញមានផ្កាលូតលាស់យ៉ាងស្រស់ស្អាតពីស្រុកកែវសីមាឆ្ពោះមកក្រុងសែនមនោរម្យ និងពីក្រុងសែនមនោរម្យឆ្ពោះទៅស្រុកកោះញែក ហើយកន្លែងដែលគយគន់ឃើញទេសភាពព្រៃភ្នំ និងផ្កាចម្រុះគ្រប់ប្រភេទនោះ គឺនៅចំណុចភ្នំបាយឆៅ ដែលស្ថិតក្នុងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
នៅទីនោះមានផ្កាពីរប្រភេទដែលជាការទាក់ទាញលេចធ្លោជាងគេបំផុតតាមតំបន់ព្រៃធម្មជាតិនោះ គឺជាប្រភេទផ្កាត្របែកព្រៃ និងផ្កាស្រឡៅដែលវាមានពណ៌ សលាយផ្កាឈូកដែលធ្វើឱ្យភ្ញៀវទេសចរទាក់ចិត្ដ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរី នារដូវនេះ៕