សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

(កណ្តាល)៖ នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។
នគរបាលជាតិត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ តាមរយៈព្រះរាជក្រមលេខ៣៥ នស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ ដែលកាលនោះកម្ពុជាទទួលបានឯករាជ្យលើកទីមួយ មានរយៈពេលជិត៧ខែ គឺចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ឆ្នាំ។
កងកម្លាំងនគរបាលជាតិ មានតួនាទីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម បញ្ចៀសនូវរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះ គឺប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកបដោយគុណធម៌។ល។
ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន។
ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវាដ៏មានអត្ថន័យថ្លៃថ្លារបស់ជាតិ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និងមន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់មន្ដ្រីនគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូនពរឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និងមកបំពេញការងារនៅតាមអង្គភាពវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយរាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ឆ្នាំ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បានធ្វើឱ្យសំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្ដីភាពរបស់កងកម្លាំងនគរបាលជាតិ និងសម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព៕

អត្ថបទដែលជាប់ទាក់ទង