លោក Trump ស្នើសុំចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសក្តានុពលរវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទួរគី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទ ស្នើសុំចូលរួមក្នុងកិច្ចចរចារវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទទួរគីនៅចុងសប្តាហ៍នេះ ខណៈបណ្តាប្រទេសនៅអឺរ៉ុប បានជំរុញឱ្យវិមានក្រឹមឡាំងទទួលយកការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
លោក Trump បាននិយាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងការផ្លាស់ប្តូរថ្មីចំពោះដំណើរការចរចាសន្តិភាពថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងដែលលោកនឹងរង់ចាំជួបសមភាគីរុស្ស៊ី លោក Vladimir Putin ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល អាចមានប្រយោជន៍ ហើយលោកអាចនឹងចូលរួមជាមួយពួកគេនៅថ្ងៃព្រហស្បតិ៍ ខណៈស្ថិនៅក្នុងតំបន់នោះ។ កាលវិភាគបច្ចុប្បន្នរបស់លោក លោកមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសកាតា ក្នុងសប្តាហ៍នេះ។
នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានបន្តនៅសមរភូមិមុខពេញមួយថ្ងៃ ហើយទីក្រុងមូស្គូនៅតែមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក សម្រាប់លោក Putin ដើម្បីជួបលោកក្នុងការចរចានៅប្រទេសទួរគី។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និងប្រធានាធិបតីទួរគី លោក Tayyip Erdogan បានពិភាក្សាអំពីការចរចាដោយផ្ទាល់ដែលបានស្នើឡើង ខណៈលោក Zelenskyy និយាយថា «អាចជួយបញ្ចប់សង្រ្គាម»។ លោក Erdogan បានពណ៌នាពីជំនួបដែលបានស្នើឡើងនេះថា ជាច្រកនៃឱកាសថ្មីមួយដែលមិនត្រូវឲ្យកន្លងផុត ៕