គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក Yougmei Yin អនុប្រធានមន្ទីរពេទ្យខេត្ត Jiangsu និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៤រូប អញ្ជើញធ្វើទស្សនកិច្ចសិក្សា ទៅកាន់មន្ទីរពេទ្យមួយចំនួន ក្នុងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ការងារទូទៅក្នុងការអភិវឌ្ឍ និងកិច្ចការដំណើរការផ្តល់សេវាបានល្អជូនប្រជាពលរដ្ឋ។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ថា ក្រុមគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃទី១) បានទទួលស្វាគមន៍ដោយលោក Joan និងបាននាំទៅទស្សនាទីក្រុងបូរាណមួយជាស្រុកកំណើតរបស់លោក កុងហ្វូ ជាអតីតបញ្ញាវ័ន្តតែម្នាក់គត់ក្នុងខេត្ត Jiangsu ពីសម័យដើម ដែលមានគំនិតថា ប្រជាជនចិន ត្រូវតែមានចំណេះដឹងទាំងអស់គ្នា និងបានបង្រៀនដល់ប្រជាជនចិន ទូទៅ ហើយបានណែនាំឱ្យប្រជាជនចិនទាំងអស់ចេះស្រលាញ់គ្នាទៅវិញទៅមក និងចេះជួយគ្នាទៅវិញទៅមក។
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម លេង ផាលី និងក្រុមប្រតិភូនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ទស្សនកិច្ចសិក្សានៅ«មន្ទីរពេទ្យប្រជាជន» ដែលជាមន្ទីរពេទ្យដ៏ធំជាងគេក្នុងខេត្ត Jiangsu និងមានឈ្មោះល្បីល្បាញទូទាំខេត្ត និងទូទាំងប្រទេសចិនទាំងមូល និងដោយទទួលស្វាគមន៍ពីគណៈប្រតិភូនៃខេត្តជាំងស៊ូ ដែលដឹកនាំដោយលោក Bao Jun អនុប្រធានមន្ទីរសុខាភិបាលខេត្ត Jiangsu លោក Li Yu ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស លោក Wang Wenhui អនុប្រធានផ្នែកទំនាក់ទំនងអាស៊ី-អឺរ៉ុប
និងលោកស្រី Liu Yun ប្រធានមន្ទីរពេទ្យប្រជាជន ខេត្តJiangsu។ ក្នុងនោះលោកស្រី Yin Yongmei អនុប្រធានមន្ទីរពេទ្យប្រជាជន នៃភាគីចិនធ្វើបទបង្ហាញត្រួសៗអំពីស្ថានភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យធំ និងល្បីល្បាញជាងគេនៅក្នុងខេត្ត Jiangsu ដែលមានបុគ្គលិកពេទ្យសរុបចំនួន៧,០០០នាក់ និងបុគ្គលិគ្គកិច្ចសន្យា ព្រមទាំងជំនួយការផ្សេងៗទៀតជាង ៣,០០០នាក់ សរុបរួមជាង១០,០០០នាក់ និងបានទទួលអ្នកជំងឺចូលព្យាបាលខ្ទង់២៥,០០០នាក់ក្នុង១ថ្ងៃ។
ចំណែកលោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិ និងជាអនុប្រធានគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើបទបង្ហាញមួយស្តីពីប្រវត្តិនៃការកកើត គោលបំណងនៃការបង្កើតក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងបេសកកម្មក្នុងរយៈពេល១៣ឆ្នាំកន្លងមក និងទិសដៅបន្តទៅថ្ងៃខាងមុខ ព្រមទាំងសេចក្តីថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់ឱកាសឱ្យក្រុមការងារយើងបានមកធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់បទពិសោធន៍ដែលមន្ទីរពេទ្យទទួលបានជោគជ័យកន្លងមក។
ដោយឡែកនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តដំណើរជាមួយលោក Lili Zhao ទៅកាន់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Nanjing ដែលស្ថិតនៅស្រុក Jianglin នៃខេត្ត Jiangsu។ សាកលវិទ្យាល័យវេជ្ជសាស្រ្តនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៣៦ ដែលមកដល់ពេលនេះមានអាយុកាល ៨៩ឆ្នាំមកហើយ ដោយមានហេដ្ឋារចនាសម្ព័ន្ធ អាគារថ្មីៗទើបបានសាងសង់ឡើងដោយបំពាក់សុទ្ធតែឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមានសិស្ស និសិ្សតបរទេសមកពី៤៥ប្រទេស បានចូលរៀនគ្រប់ផ្នែកជំនាញទាំងអស់។ នារសៀលថ្ងៃដដែល គណៈប្រតិភូយើងក៏ត្រូវបាននាំទៅទស្សនារមណីយដ្ឋានទេសចរណ៍ព្រះរាជដំណាក់ របស់ព្រះពុទ្ធនៅលើកំពូលភ្នំ Nanjinjg Niushoushan ដែលមានទេសភាពយ៉ាងប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ដូចជាក្រៅស្រុក។
សរុបសេចក្តីមក ឯកឧត្តម លេង ផាលី និងគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យឃើញថា ប្រព័ន្ធសុខាភិបាលនៅខេត្ត Jiangsu ពិតជាល្អណាស់។
ចុងក្រោយភាគីចិន លោក Lili Zhao អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការបន្តទៀត រវាងប្រទេសទាំងពីរ។

សូមរំលឹកឡើងវិញថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមក បានទទួលស្វាគមន៍ នៅការអញ្ជើញធ្វើទស្សនកិច្ចរបស់ក្រុមគ្រូពេទ្យចិន ចំនួន ២២នាក់ មកពីទីក្រុងណានជីង ខេត្តជាំងស៊ូ ដែលបានផ្តួចផ្តើម និងរៀបចំឡើងដោយការិយាល័យការបរទេសខេត្តជាំងស៊ូ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង រឹតចំណងមិត្តភាពដ៏អស្ចារ្យជាមួយរដ្ឋាភិបាលកម្ពុជា និងប្រជាជន។ នៅពេលនោះ យើងមានការអនុវត្តដ៏ល្អក្នុងការពិភាក្សា និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ។ ឯកឧត្តម លេង ផាលីបាននាំក្រុមគ្រូពេទ្យចិន ទៅតំបន់ដាច់ស្រយាលមួយ គឺឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមគ្រូពេទ្យចិន ដែលដឹកនាំដោយលោកស្រី Pan Ling នាយករងផ្នែកកិច្ចការប្រចាំតំបន់អាស៊ី និងអឺរ៉ុប ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្តជាំងស៊ូ បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ក៏ដូចជា ព្យាបាលជំងឺ តាមបែបចាក់ម្ជុលវិទ្យាសាស្ត្រចិន ជូនបងប្អូនប្រជាពលរដ្ឋចំនួន១១១២ នាក់ (ស្រី៦៩៦នាក់) ដោយឥតគិតថ្លៃ និងផ្តល់រទេះជនពិការ ចំនួន៤គ្រឿង ផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២២ មេសា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧,០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨,៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២,១៣៧លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣.៣២២.៩៥៣នាក់ (ដប់បីលានសាមសិបពីរម៉ឺន ពីរពាន់ ប្រាំបួនរយ ហាសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៨៣៥,១៤១នាក់ (ប្រាំមួយលាន ប៉ែតសិបបីម៉ឺនប្រាំពាន់ មួយរយសែសិបមួយ នាក់) គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦,១៤៧,៦៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន ដប់បួនម៉ឺនប្រាំពីរពាន់ ប្រាំមួយរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលាន កៅសិបមួយម៉ឺនមួយពាន់ ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទៅដល់ទីណា គឺប្រជាពលរដ្ឋសប្បាយរីករាយ ស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងពេញចិត្តគាំទ្រក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខ្លាំងណាស់។ និយាយដោយខ្លីគឺ《ចុះដល់ទីណា ទទួលបានការគាំទ្រដល់ទីនោះ》ហើយអំពើល្អរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅគ្រប់ទិសទីដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅដល់។ នាំឱ្យបងប្អូនប្រជាពលរដ្ឋ

គាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ គ្រប់ពេលវេលាបោះឆ្នោតជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង