លុបចោលបាត់ ! បុគ្គលដែលតាំងខ្លួនជាតាឥសី នៅជើងភ្នំត្បែង ត្រូវតែលុបចោលវីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ពាក់ព័ន្ធការអូសទាញឲ្យគេជឿលើខ្លួន

ខេត្តព្រះវិហារ ៖ នេះជាកំណត់ហេតុ នៃដំណោះស្រាយរឿងអាស្រមរបស់បុគ្គលដែលតាំងខ្លួនជាតាឥសី នៅជើងភ្នំត្បែង។ ខណៈបុគ្គលដែលតាំងខ្លួនជាតាឥសី យកសាសនាបិទបាំងបោកប្រាស់ប្រជាពលរដ្ឋ។

មន្រ្តីស្នើឲ្យបុគ្គលរូបនេះ លុបចោលវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម ពាក់ព័ន្ធការអូសទាញឲ្យគេជឿលើខ្លួន, ត្រូវសុំច្បាប់ពីអាជ្ញាធរ សម្រាប់ការសាងសង់អាស្រម និងត្រូវរាយការណ៍ពីចំនួនសមាជិក ព្រមទាំងរចនាសម្ព័ន្ធរបស់ខ្លួនឲ្យបានច្បាស់លាស់។

យោងតាមកំណត់ហេតុបានបញ្ជាក់ថា ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ៖ ខ្ញុំព្រះករុណា សូម ក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃ ព្រះមេគណ ព្រះអនុគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោក លោកស្រីដែលមានវត្តមានក្នុងកិច្ចប្រជុំនាឱកាសនេះ។ កិច្ចប្រជុំនាឱកាសនេះ ដើម្បីត្រួតពិនិត្យលើការសាងសង់ អាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្ត មិនហាមឃាត់ពាក់ព័ន្ធនឹង ជំនឿនោះទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ពីគោលបំណង និងបែបបទនៃការគោរពនៃជំនឿរបស់ខ្លួនឱ្យបានច្បាស់។ បន្ថែមលើនេះ ដើម្បីគ្រប់គ្រងបានច្បាស់លាស់ក្នុងនាមអាជ្ញាធរដែនដី សូមឱ្យតំណាង និងអ្នកគ្រប់គ្រងអាស្រម វង្ស ចក្រាយុត្តិ ដែលស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការបញ្ជាក់ជូនអង្គ ប្រជុំពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិដែលពាក់ព័ន្ធ រចនាសម្ព័ន្ធក្នុងការគ្រប់គ្រង ប្រភពហិរញ្ញវត្ថុ និងខ្លឹមសារនៃវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមនានា នាពេលកន្លងមក។
លោក មាន ភា តំណាងអាស្រម វង្ស ចក្រាយុត្តិ បានលើកឡើងថា គោលបំណងក្នុងការបង្កើតអាស្រម នេះ គឺចង់ប្រែក្លាយជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់ នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះថវិកា មិនមានអ្នកឧបត្ថម្ភច្បាស់លាស់ទេ។ កន្លងមក មានអ្នកមកស្នាក់នៅ តែនៅក្នុងរដូវចូលវស្សាប៉ុណ្ណោះ មិនមានការស្នាក់នៅជាអចិន្ត្រៃយ៍ទេ។ ចំពោះទីតាំងនេះ មានការចុះបញ្ជីប្លង់ត្រឹមត្រូវ។ កន្លងមក ពេលមានកម្មវិធី តែងធ្វើការជូនដំណឹងទៅអាជ្ញាធរដែនដី ដើម្បីជួយការពារ សុវត្ថិភាព ជាពិសេស គឺស្ត្រី។ អាស្រម មានគម្រោងក្នុងការសាងសង់ប្រាសាទនៅលើទីតាំងពិតប្រាកដមែន ប៉ុន្តែមិនយកតាម រចនាប័ន្នប្រាសាទអង្គរវត្តនោះទេ។
បន្ទាប់ពីបានពិភាក្សារួចមក អង្គប្រជុំបានឯកភាពធ្វើការណែនាំតំណាងអាស្រម ដូចខាងក្រោម៖
១. តំណាងអាស្រម ត្រូវមកបំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយអាជ្ញាធរមូលដ្ឋាន។
២. លុបនូវរាល់វីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។
៣. ត្រូវគ្រប់គ្រងនិងរាយការណ៍ពីសមាជិកសមាជិកនិងរចនាសម្ព័ន្ធរបស់អាស្រម ក៏ដូចជាអ្នកមក គោរពប្រតិបត្តិឱ្យបានច្បាស់លាស់។
អង្គប្រជុំបានបញ្ចប់នៅម៉ោង១១:៣៥នាទីព្រឹកប្រកបដោយភាពស្និទ្ធស្នាលនិងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង