នាវាចម្បាំងចិនមួយគ្រឿងចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីត្រៀមចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាចម្បាំងចិនមួយគ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ TYPE-071 បានចូលសំចតនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដើម្បីត្រៀមចូលរួមធ្វើសមយុទ្ធ«នាគមាស ឆ្នាំ២០២៥»រវាងកងទ័ពកម្ពុជា និងចិន ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នំា២០២៥នេះ។
យោងតាមព័ត៌មានរបស់កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលបានផ្សាយនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា« ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្ររាម អញ្ជើញអមដំណើរ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ TYPE-071 ដឹកនាំដោយឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «នាគមាស-២០២៥» នឹងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា កន្លងទៅ បានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ៕

អត្ថបទដែលជាប់ទាក់ទង