ក្រុមហាម៉ាស ថាខ្លួននឹងដោះលែងចំណាប់ថ្នូរជនជាតិអាមេរិកម្នាក់ ក្នុងជំហានដ៏វិជ្ជមានមួយ
មន្ត្រីជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ (១១ ឧសភា) ថា ចំណាប់ថ្នូរជនជាតិអាមេរិក ដើមកំណើតអ៊ីស្រាអែលម្នាក់ ឈ្មោះ Edan Alexander នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនៅតំបន់ហ្កាហ្សា ក្នុងសកម្មភាពដ៏សំខាន់មួយដែលក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ កាតា និងអេហ្ស៊ីប បានពិពណ៌នាថាជាជំហានលើកទឹកចិត្ត និងវិជ្ជមានឆ្ពោះទៅរកការវិលត្រឡប់ទៅកាន់កិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ៊ុមព័ទ្ធដែលហែកហួរដោយសង្រ្គាមមួយនេះ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសរូបនោះ មិនបានបញ្ជាក់ពីពេលវេលាសម្រាប់ការដោះលែងចំណាប់ថ្នូរទាហានវ័យ ២១ឆ្នាំក្នុងជួរកងទ័ពអ៊ីស្រាអែល លោក Alexander ដែលបានកើត និងធំធាត់នៅក្នុងរដ្ឋ New Jersey របស់អាមេរិករូបនោះទេ ប៉ុន្តែប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ការដោះលែងទំនងជានឹងកើតឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ។
ក្រុមហាម៉ាសនិយាយថា ការដោះលែងលោក Alexander ដែលគេជឿថាជាចំណាប់ថ្នូរជនជាតិអាមេរិកចុងក្រោយដែលនៅរស់រានមានជីវិតក្នុងដៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា។
ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ហើយប្រេសិតពិសេសរបស់លោក គឺលោក Adam Boehler បាននិយាយថា ដំណឹងនៃការដោះលែង Alexander គឺជាជំហានដ៏វិជ្ជមានមួយឆ្ពោះទៅមុខ៕