អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញប្រកាសព័ត៌មានពាក់ព័ន្ធការអនុញ្ញាតអ្នកបើករថយន្តជនជាតិចិន ឲ្យត្រឡប់ទៅផ្ទះវិញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករបង និងផ្ទះប្រជាពលរដ្ឋ
(ព្រះសីហនុ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឱ្យអ្នកបើកបរថយន្ត ជាជនជាតិចិន ត្រឡប់ទៅវិញជាបណ្តោះអាសន្ន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក HYUDAI STAREX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AZ-7908 បើកបរដោយឈ្មោះ ZHANG CHANG XIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន បើកបុករបងទ្វារផ្ទះ និងរថយន្ត ដែលចតក្នុងបរិវេណផ្ទះ បណ្តាលឱ្យរងការខូចខាត។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចក្នុងការបើកបរ ទៅបុករបងទ្វារផ្ទះ និងរថយន្ត ដែលចតក្នុងបរិវេណផ្ទះ បណ្តាលឱ្យរងការខូចខាត (តែផ្នែកសម្ភារៈ) កើតហេតុនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣ និង ៤០នាទីទៀបភ្លឺ ស្ថិតក្នុងក្រុមទី៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ចំណុចផ្ទះជនរងគ្រោះឈ្មោះ ជា ស៊ីនឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ)។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ, បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-7908 បើកបរដោយឈ្មោះ ZHANG CHANG XIN ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិចិន មានទិសដៅពីជើង ទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តរូបនេះ ដែលស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបុករបងទ្វារផ្ទះ ចូលក្នុងផ្ទះប្រជាពលរដ្ឋ ១កន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ស៊ីនឿន ជាជនជាតិខ្មែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យរបងទ្វារផ្ទះ ១ផ្ទាំង បានបាក់ខូចខាត ហើយបានបន្តជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាក TOYOTA RALLY ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1233 ដែលចតនៅក្នុងបរិវេណរបងផ្ទះ បណ្តាលឱ្យផ្នែកខាងក្រោយនៃរថយន្ត រងការខូចខាត ហើយផ្នែកខាងមុខនៃរថយន្ត ក៏បានរងការខូចខាតដែរ ដោយសារការបុកធ្វើឱ្យរថយន្តរំកិលទៅមុខបុកនឹងជញ្ជាំងផ្ទះ។
បន្ទាប់ពីបានកើតហេតុរួចភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ វាស់វែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកបើកបររថយន្ត ម៉ាក HYUNDAI STAREX ឈ្មោះ ZHANG CHANG XIN និងបានដកហូតវត្ថុតាងរថយន្ត បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើតេស្ដរកកម្រិតជាតិស្រវឹងក្នុងខ្លួនអ្នកបើកបររថយន្តខាងលើ ដោយជាលទ្ធផលបានបង្ហាញឱ្យឃើញថា ជននេះមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,៥៨ mg/L (សូន្យក្បៀសហាសិបប្រាំបីមីលីក្រាមក្នុងមួយលីត្រខ្យល់) ហើយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ក៏បានឱ្យសមត្ថកិច្ចជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងខ្លួនជននេះផងដែរដោយលទ្ធផលបានបង្ហាញថា អវិជ្ជមាន។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ ZHANG CHANG XIN ពុំមានបណ្ណបើកបរយានយន្តនៅជាប់នឹងខ្លួនឡើយ។
ក្រោយពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានស្តាប់ចម្លើយលើជនសង្ស័យឈ្មោះ ZHANG CHANG XIN និងពិនិត្យភស្តុតាង ឃ្លីបវីឌីអូរពីកាំមេរ៉ាសុវត្ថិភាព រួចមក សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ហេតុការណ៍ដែលបានកើតឡើង គឺបង្កឡើងដោយឈ្មោះ ZHANG CHANG XIN បានបើកបររថយន្តដោយធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចក្នុងការបើកបរ ទៅបុករបងទ្វារផ្ទះ និងរថយន្តដែលចតក្នុងបរិវេណផ្ទះ បណ្តាលឱ្យរងការខូចខាត ដែលបញ្ញត្តិច្បាប់បានកំណត់ថា ឈ្មោះ ZHANG CHANG XIN បានបំពានជំពូក ១០ មាត្រា ៧៥ និងមាត្រា ៧៧ ចំណែកម្ចាស់កម្មសិទ្ធិករនៃរថយន្តបង្កឈ្មោះ ជឿន ម៉េងលុយ បានបំពានជំពូក១០ មាត្រា ៧២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំពោះការពាក់ព័ន្ធនឹងអំពើល្មើស តាមស្មារតីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនសង្ស័យឈ្មោះ ZHANG CHANG XIN បានបំពាននឹងជំពូក ១០ មាត្រា ៧៥ គឺត្រូវរងពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១,២០០,០០០រៀល និងមាត្រា ៧៧ គឺត្រូវរងពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ២,០០០,០០០រៀល ចំណែកឯម្ចាស់កម្មសិទ្ធិករនៃរថយន្ត ឈ្មោះ ជឿន ម៉េងលុយ បានបំពានជំពូក ១០ មាត្រា ៧២ ដែលជាអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវេណី តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ មួយវិញទៀត ដោយហេតុថាជនសង្ស័យឈ្មោះ ZHANG CHANG XIN មិនមានលទ្ធភាពក្នុងការបង់ប្រាក់ពិន័យអន្តការណ៍តាមច្បាប់ និងសងសំណងទៅជនរងគ្រោះ ដូចនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជូនសំណុំរឿង ជនសង្ស័យ ព្រមទាំងវត្ថុតាង(រថយន្តបង្ក) មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានអញ្ចើញមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីមកធ្វើការបំភ្លឺបន្ថែម និងធ្វើការស្ដាប់ចម្លើយជនសង្ស័យ។ បន្ថែមលើពីនេះតំណាងអយ្យការ បានអញ្ចើញភាគីជនរងគ្រោះ ដើម្បីស្តាប់ការបំភ្លឺបន្ថែម ព្រមទាំងផ្តល់ពេលវេលាសមល្មមតាមនីតិវិធីឱ្យភាគីរថយន្តបង្ក និងភាគីជនរងគ្រោះ បានជួបគ្នាក្នុងការសម្របសម្រួលដោះស្រាយលើផ្នែកសំណងនៃការខូចខាត ប៉ុន្តែ ភាគីទាំងពីរចរចារមិនត្រូវរ៉ូវគ្នាអំពីសំណងទេ។ ន្ទាប់ពីតំណាងអយ្យការបានពិនិត្យលើអង្គហេតុ និងអង្គច្បាប់ តំណាងអយ្យការ រកឃើញថា អំពើរបស់ជនសង្ស័យឈ្មោះ ZHANG CHANG XIN ជាបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមបញ្ញត្តិមាត្រា ៧៥ និងមាត្រា ៧៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបទល្មើសត្រូវទទួលរងពិន័យអន្តរការណ៍។
ចំណែកឯម្ចាស់កម្មសិទ្ធិករនៃរថយន្ត ឈ្មោះ ជឿន ម៉េងលុយ ដែលជាអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ល្មើសនឹងមាត្រា ៧២ តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ហេតុដូចនេះ ផ្អែកលើទិដ្ឋភាពច្បាប់លើអំពើល្មើសដែលត្រូវទទួលរងពិន័យអន្តរការណ៍ និងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តំណាងអយ្យការបានសម្រេចអនុញ្ញាត ឱ្យជនសង្ស័យឈ្មោះ ZHANG CHANG XIN ត្រឡប់ទៅវិញជាបណ្តោះអាសន្ន និងបញ្ចូនសំណុំរឿងនេះទៅជំនុំជម្រះតាមនីតិវិធី ដើម្បីសម្រេចអំពីការពិន័យលើជនសង្ស័យ និងសំណងដល់ជនរងគ្រោះនាពេលខាងមុខ៕