ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹក បន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង
មន្ត្រីប្រទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែឧសភា នេះ ថា ខ្លួនបានបើកប្រតិបត្តិការសងសឹកប្រឆាំងប្រទេសឥណ្ឌា ដោយបានដាក់គោលដៅលើទីតាំងផ្ទុកមីស៊ីលរបស់ឥណ្ឌា និងមូលដ្ឋានទ័ពអាកាសនៅក្រុង Pathankot និងក្រុង Udhampur។
ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបាននិយាយថា ឥណ្ឌា បានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួន៣កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងមួយកន្លែងនៅជាយរដ្ឋធានី ខណៈជម្លោះរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានអូសបន្លាយពេលទៅរកសង្រ្គាមពេញទំហឹង។
យោងតាមទូរទស្សន៍រដ្ឋរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ការវាយប្រហារសងសឹកធ្វើឡើងដោយបានដាក់គោលដៅទៅលើ «ទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌា»។
ប្រទេសនៅអាស៊ីខាងត្បូងទាំងពីរនេះ បានផ្ទុះអាវុធចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលប្រទេសឥណ្ឌាបើកការវាយប្រហារតាមអាកាសទៅលើអ្វីដែលខ្លួនចាត់ទុកថា ជាទីតាំង «ភេរវករ» នៅក្នុងទឹកដីប៉ាគីស្ថាន ក្រោយការវាយប្រហារដ៏បង្ហូរឈាមទៅលើភ្ញៀវទេសចរនៅផ្នែករបស់ប្រទេសឥណ្ឌានៅតំបន់កាស្មៀរដែលត្រូវបានបែងចែក។
ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធទៅនឹងមីស៊ីល យានដ្រូន និងការបាញ់តគ្នានៅតាមព្រំដែនក្នុងតំបន់កាស្មៀរដែលមានជម្លោះ គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយបានសម្លាប់ជនស៊ីវិលជាង៥០នាក់ ៕