ផ្ទះស្ត្រីមេម៉ាយម្នាក់ ចាក់សោចោលត្រូវភ្លើងឆេះអស់ទាំងស្រុង ស្រុកកោះសូទិន ខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ ស្របពេលដែលម្ចាស់មិននៅផ្ទះ អគ្គីភ័យបានឆាបឆេះផ្ទះឈើមួយខ្នងបង្កឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ឧសភាឆ្នាំ២០២៥នៅចំណុចភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាមួយនោះគេបានឃើញប្រជាពលរដ្ឋនាំគ្នាបូមទឹកជួយបាញ់ពន្លត់និងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញមកអន្តរាគមន៍បាញ់ទឹកកុំឲ្យឆាបឆេះទៅដល់ផ្ទះពលរដ្ឋនៅក្បែរនោះ។
ដើមហេតុដំបូងប្រជាពលរដ្ឋបានឃើញផ្សែង ភ្លើងហុយចេញពីផ្ទះបាយរបស់ស្ត្រីមេម៉ាយកូនបី។ គ្រាន់តែឃើញបែបនេះអ្នកជិតខាងបានសាមគ្គីគ្នាខ្លះមានម៉ូទ័របូមទឹកបាញ់ទៅលើភ្លើង ដែលកំពុងឆេះហើយខ្លះទៀតប្រុងនាំគ្នាឡើងតាមទ្វារជណ្ដើរមុខចូលទៅជញ្ជូនរបស់ទ្រព្យតែភ្លើងឆេះយ៉ាងពេញបន្ទុកទៅហើយដោយមិនមានអ្នកណាម្នាក់ហ៊ានចូលទៅជញ្ជូនរបស់របរនោះឡើយ។
លោកមេឃុំមានប្រសាសន៍បន្តថា ករណីអគ្គិភ័យ ១កើតឡើងឆ្លងចរន្តបណ្ដាញភ្លើងសូឡា បណ្ដាលឱ្យឆេះផ្ទះចំនួន ០១ខ្នង របស់ឈ្មោះ ឡេង គន្ធី ភេទស្រី អាយុ ៥៧ឆ្នាំ ស្ថិតនៅចំណុចភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរសេនីយ៍ឯក អ៉ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ។ អគ្គិភ័យត្រូវបាន រលត់ទាំងស្រុងនៅម៉ោង២និង៤០នាទីរសៀល ដោយប្រើ ប្រាស់ទឹកអស់ ០១ស៊ឺទែន ដោយពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ។ អគ្គិភ័យនេះ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុង០១ខ្នង ទំហំ ៧ x ១១ម៉ែត្រ ប្រកក្បឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។
មូលហេតុ ឆ្លងចរន្តសូឡាពេលម្ចាស់មិននៅផ្ទះ ។ លោកមេឃុំអះអាងថាពេលកើតហេតុស្ត្រីមេម៉ាយម្ចាស់ផ្ទះពីការជើងមិនបាននៅផ្ទះទេ គឺគាត់បានធ្វើដំណើរទៅលេងកូននៅបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមហើយផ្ទះត្រូវបិទទ្វារចាក់សោ។
ក្រោយពីហេតុការណ៍កើតឡើងគេឃើញកូនពៅរបស់ស្ត្រីមេម៉ាយ បានមកដល់ផ្ទះកើតហេតុ ជាមួយនោះអាជ្ញាធរមូលដ្ឋានក៏ដូចជាស្រុកត្រៀមលក្ខណៈសម្បត្តិដើម្បីយកអំណោយកាកបាទក្រហមចែកជូនដល់ស្ត្រីមេម៉ាយរងគ្រោះជាម្ចាស់ផ្ទះផងដែរ ៕