កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការ ស្រាវជ្រាវបង្ក្រាបករណីហិ..ង្សាកាប់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លា..ប់ នៅក្រុងព្រះសីហនុ

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ520 ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិតប៉័ងតោ បណ្ដាលអោយមរណៈភាពជនរងគ្រោះ) ជនរងគ្រោះមានឈ្មោះ អ៊ុន សេីយទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង ម៉ាក HONDA DREAM និង ម៉ាកSUZUKI NEX ។ បន្ទាប់ពីធ្វេីសកម្មភាពរួច ក្រុមជនសង្ស័យខាងលើបានរត់គេចខ្លួនពីកន្លែងកេីតហេតុ ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
លុះនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៤ម្នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឆេង ហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ យ៉ាន លេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមឬស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ រ័ត្ន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ ស៊ុន សុខនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២ ខែឧសភា ២០២៥ វេលាម៉ោង០៣ និង៤០នាទីរំលងអធ្រាត្រ ពួកខ្លួនពិតជាធ្វើសកម្មភាពដេញវាយ និងគប់កាំបិតបុ័ងតោទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅចំណុចក្រោយសណ្ឋាគារ520 ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ប្រាកដមែន។
មូលហេតុដោយសារតែមុនពេលកើតហេតុ ក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពដេញវាយពួកខ្លួនមុន ទើបពួកខ្លួនខឹងក៏បានធ្វើសកម្មភាពខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង