ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ដើម្បីបង្កើនការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគមនិយោជក តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សរុបចំនួន៤២នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ និងបង្រៀនដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ (ILO) លើប្រធានបទសំខាន់ៗដូចជា៖ ទី១-អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២-ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និង៣-ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាង ដែលរួមមានការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការបង្កើតសេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល។
ថ្លែងក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ សោម ចំណាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗរបស់អង្គការអន្តរជាតិខាងការងារ (ILO), ទស្សនាទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នារវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវនិងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជា និងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង