លំនៅឋានរបស់មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់យក្ខឡោមមួយរូប ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង បានត្រូវអគ្គិភ័យលេបអស់ទាំងស្រុង និងបន្តឆាបឆេះផ្ទះកូនអស់ប្រមាណ៧០%ថែមទៀត

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២៥កន្លងទៅ លំនៅឋានរបស់មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់យក្ខឡោមមួយរូប ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង បានត្រូវអគ្គិភ័យលេបអស់ទាំងស្រុង និងបន្តឆាបឆេះផ្ទះកូនអស់ប្រមាណ៧០%ថែមទៀត មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។

មន្ត្រីនគរបាលប៉ុស្តិ៍ដែលជាម្ចាស់ផ្ទះ ឈ្មោះ ង៉ាយ ការី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន ហើយចំពោះមូលហេតុនៃការឆេះនេះ ត្រូវបានសង្ស័យថា មកពីទុស្សេចរន្តអគ្គិសនី ។ នាយប៉ុស្តិ៍នគរបាលសង្កាត់យក្ខឡោម លោកជាង ហឿង បានឱ្យដឹងជាបឋមថា ផ្ទះដែលត្រូវភ្លើងឆេះនេះធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ៦ម៉ែត្រគុណ៨ម៉ម៉ែត្រ ចំណែកផ្ទះកូនគាត់មានទំហំ៦ម៉ែត្រគុណ១២ម៉ែ ធ្វើអំពីឥដ្ឋ ។

ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត ទៅជួយអន្តរាគមន៍ពន្លត់ភ្លើង ទើបគ្រប់គ្រងស្ថានការណ៍បានប្រសើរឡើងវិញ មិនបន្តឆាបឆេះទៅផ្ទះបងប្អូនប្រជាពលរដ្ឋក្បែៗនោះទៀត ។ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុន ប៉ៃលិន ក៏បានទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះដែរ ។ ចំពោះទ្រព្យសម្បត្តិផ្សេងទៀតដែលខូចខាតនៅក្នុងអគ្គិភ័យនេះដែរមាន គ្រឿងសង្ហារិម ម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាសុីនកាត់ស្មៅ២គ្រឿងម៉ាសុីនបាញ់ថ្នាំ៣គ្រឿង ខោអាវ និងចានឆ្នាំង ។
សមត្ថកិច្ចក្នុងមូលដ្ឋានតែងផ្សព្វផ្សាយព័ត៌មាន និងផ្តល់ដំណឹងជូនពលរដ្ឋជានិច្ច រាល់ការប្រើប្រាស់ភ្លើងអគ្គិសនី ឬភ្លើងចង្ក្រាន្ត ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ព្រោះរដូវនេះជារដូវក្តៅ ចេញពីផ្ទះត្រូវបិទបារ៉ែត ពន្លត់ភ្លើងចង្ក្រាន្ត ភ្លើងធូប ភ្លើងទៀនជាដើម ៕

អត្ថបទដែលជាប់ទាក់ទង