មន្ត្រីនគរបាល ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអនុវត្ត និងបន្តការអនុវត្តមិនទទួលលុយធីបពីភ្ញៀវ ដែលធ្វើដំណើរឆ្លងកាត់ព្រលាន

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមតិដឹកនាំរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអនុវត្ត និងបន្តការអនុវត្ត មិនទទួលលុយធីបពីភ្ញៀវដែលបានធ្វើដំណើរ ឆ្លងកាត់តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរយៈពេលជាង១០ខែមកហើយ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ការអនុវត្តមិនទទួលយកលុយធីបពីភ្ញៀវដែលបានឆ្លងកាត់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺដើម្បីរក្សាភាពថ្លៃថ្នូរ កិត្តិយស និងតម្លៃមន្ត្រីនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាពិសេសនោះគឺកុំឱ្យមានភាពមិនពេញចិត្ត ឬអាក់អន់ចិត្តពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ចេញចូលមកប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានបន្ថែមទៀតថា លោកនៅតែបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាត និងដាក់វិន័យចំពោះមន្ត្រីនគរបាលនៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញណា ដែលទទួលលុយធីបពីភ្ញៀវ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាល និងប៉ះពាល់ដល់សតិអារម្មណ៍របស់ភ្ញៀវ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ប្រទេសជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង