ឡាវផ្តល់គោលការណ៍ណែនាំដល់ក្រសួងកសិកម្ម និងរុក្ខាកម្មឡាវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ រយៈ ពេល ៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈ ប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
យោងតាមហ្វេសប៊ុកក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បាននាំយកនូវការ ផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរាយការណ៍លម្អិត អំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ និងបានលើក ឡើង ពីចំណុចអាទិភាពសំខាន់ៗដែលភាគីទាំងពីរបានឯកភាពគ្នា។
ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន( Sonexay Siphandone) បានថ្លែង អំណរគុណ ចំពោះ សារសួរសុខទុក្ខ ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងបានផ្ញើសារគោរពសួរសុខទុក្ខ ត្រឡប់ ទៅវិញ ដោយបានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសជួបសម្តេចនាយករដ្ឋមន្ត្រី នៅ ក្នុង កិច្ចប្រជុំកំពូលអាស៊ាននាពេល ខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវា ងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងបានលើកឡើងថា ប្រទេសទាំងពីរមានចក្ខុវិស័យ រួមគ្នាក្នុងការអភិវឌ្ឍវិស័យ កសិកម្ម។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានផ្តល់គោលការណ៍ណែនាំដល់ក្រសួងកសិកម្ម និងរុក្ខា កម្មឡាវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជា និងបន្តអនុវត្ត គំនិត ផ្ដួចផ្ដើមទាំងអស់ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម រវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕