បុរសម្នាក់ បើករថយន្ដលឿន ជ្រុលចង្កូតទៅបុករថយន្ដCRV បណ្ដាលឲ្យបាក់កង់
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី យប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣(ព្រះអង្គអេង) កែងនឹងផ្លូវលេខ៩៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុរសម្នាក់បើករថយន្ដឡិចសុីស៤៧០ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុក រថយន្ដCRV ចំពីចំហៀងកង់ក្រោយបណ្ដាលឲ្យបាក់កង់រងការខូចខាត។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មានស្រ្តីម្នាក់បើករថយន្តមួយគ្រឿង ម៉ាក ហុងដា CRV ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ -5550 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៩៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏ត្រូវរថយន្តឡិចសុីស ៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-7978 បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿន បានបត់ចូលផ្លូវលេខ១៣ក៏បានបុកចំកង់ខាងក្រោយផ្នែកខាងឆ្វេង បង្កអោយបាក់កង់ និងក្រពឹតកាង ។ ចំណែករថយន្តឡិចសុីស ៤៧០ ខ្ទេចមួយកំណាត់ទាំងស្រុង តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ភ្លាមៗអ្នកបើករថយន្តបង្កបានប្រមូលសម្ភារៈចុះមកក្រោម រួចឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែង រួចប្រគល់ទៅកាន់ជំនាញចរាចរណ៍ក្រុង យករថយន្តទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕