“ទេទឹកពុះ” គឺជារមណីយដ្ឋានធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា (ជាពិសេសអ្នកមានជំងឺសើស្បែក និងឈឺដៃ ឈឺជើង នឹងអាចបានធូរស្បើយ)
កំពង់ស្ពឺ៖ “ទេទឹកពុះ” គឺជារមណីយដ្ឋានធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិពិតៗ។ រមណីយដ្ឋាននេះ ស្ថិតនៅភូមិកោរដូនតី ឃុំតាសាល ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។
ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិដើម “សួយ” មានជំនឿថា ជាតំបន់សក្ដិសិទ្ធិ សម្រាប់ជនជាតិខ្លួន។ អ្នកដែលបានទៅលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺសើស្បែក និងឈឺដៃ ឈឺជើង នឹងអាចបានធូរស្បើយ នៅពេលដែលបានត្រាំនៅក្នុងទឹកក្តៅថ្លាយង់នៅទីនោះ។ ទឹកពុះនេះមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ក្នុងដី មានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹកមានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅដុះខ្ពស់ៗ កក់ (ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។
ត្បិតរមណីយដ្ឋានទេទឹកពុះជាប្រភេទរមណីយដ្ឋានធម្មជាតិសក្តិសិទ្ធិ និងកម្រតែមួយគត់នៅកម្ពុជាក៏ដោយ ប៉ុន្តែរមណីយដ្ឋាននេះហាក់មិនមានការចាប់អារម្មណ៍ពីអ្នកទេសចរជាតិ និងអន្តរជាតិនោះទេ ដែលធ្វើឱ្យរមណីយដ្ឋានមួយនេះហាក់នៅដាច់ឆ្ងាយ និងសឹងតែគ្មានអ្នកទៅលេងទាល់តែសោះ។
ពាក់ព័ន្ធនឹងភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរនេះ ប្រជាពលរដ្ឋនៅតំបន់ទេសចរទេទឹកពុះបានបង្ហាញការសោកស្តាយនិងលើកឡើងថា តំបន់ទេសចរធម្មជាតិទេទឹកពុះ មិនមានអ្នកទៅលេងដោយសារតែអាជ្ញាធរខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុកឱរ៉ាល់ និងមន្ទីរទេសចរណ៍ខេត្ត មិនមានការរៀបចំឱ្យមានភាពទាក់ទាញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពីសក្តានុពល និងអត្ថប្រយោជន៍នៃតំបន់រមណីយដ្ឋានដ៏សក្តិសិទ្ធិមួយនេះ។
ទន្ទឹមនឹងការលើកឡើងនេះ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទេទឹកពុះចេញពីធម្មជាតិពិតៗនេះ ពីមុនមកមានក្រុមហ៊ុនមួយបានមកដាក់ទុនអភិវឌ្ឍន៍នៅតំបន់ទេទឹកពុះនេះ ប៉ុន្តែដោយពុំមានសកម្មភាព ក្រោយមកក៏ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានប្រគល់តំបន់នេះជូនទៅសហគមន៍ជនជាតិភាគតិចឱ្យពួកគាត់គ្រប់គ្រងវិញរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបមិនមានការកែច្នៃ រៀបចំតំបន់នោះឱ្យមានរបៀបរៀបរយ និងទាក់ទាញ។
លោក រស់ សុខ បានបង្ហាញ និងបញ្ជាក់ផងដែរចំពោះការអភិវឌ្ឍតំបន់ទេទឹកពុះ ដោយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺមានគោលដៅ និងផែនការរៀបចំអភិវឌ្ឍន៍ទៅតាមអ្វីដែលអាចធ្វើទៅបាន ក៏ប៉ុន្តែបច្ចុប្បន្នមន្ទីរទេសចរណ៍គ្រប់គ្រងទៅលើសេវា ដែលធ្វើឱ្យពុំមានលទ្ធភាពនៃការអភិវឌ្ឍនៅតំបន់ណាមួយដោយខ្វះការចូលរួមពីដៃគូសម្រាប់អភិវឌ្ឍន៍បានទេ។ សព្វថ្ងៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ កំពុងស្វះស្វែងរកដៃគូដើម្បីអភិវឌ្ឍន៍តំបន់ទេទឹកពុះនេះឱ្យមានភាពទាក់ទាញ និងក្លាយជាតំបន់ដែលមានអ្នកទេសចរណ៍មកលេងច្រើន។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំពីរគឺ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ខេត្តនេះមានចម្ងាយ ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង១៨០គីឡូម៉ែត្រ ទៅកាន់ខេត្តព្រះសីហនុ។ ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន ១៣កន្លែង និងតំបន់ទេសចរណ៍បែបផ្សងព្រេង ២កន្លែង។ ក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១៣កន្លែងរួមមាន ទេសចរណ៍ប្រវត្តិសាស្ត្រ ៤កន្លែង ទេសចរណ៍ធម្មជាតិ៨កន្លែង និងទេសចរណ៍វប្បធម៌ ១កន្លែង។
ចំណែកតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាំង៤កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់ បុរាណវិទ្យាភ្នំព្រះ រមណីយដ្ឋាន ប្រវត្តិសាស្ត្រទេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។ ចំណែកទីតាំងទេសចរណ៍ធម្មជាតិទាំង ៨កន្លែង មានឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ មណ្ឌលកម្សាន្តគីរីរម្យ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ រមណីយដ្ឋានអំពែភ្នំ គីរីរម្យផាញរីសត កីឡដ្ឋានវាយកូនហ្គោល និងរមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ។ រីឯសារមន្ទីរនរៈបុរី គឺជាតំបន់ទេសចរណ៍វប្បធម៌ របស់ខេត្តកំពង់ស្ពឺផងដែរ។ ដោយឡែកតំបន់ទេសចរណ៍ផ្សងព្រេងទាំង ២កន្លែងគឺ ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សារ៕