នៅថ្ងៃទី១៣ខាងមុខនេះ ! តារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង កែវ សុបញ្ញា បានប្រកាសពីដំណឹងចូលរោងការហើយ
ភ្នំពេញ ៖ ជាមួយនឹងការបង្ហោះធៀបការហៅភ្ញៀវអោយចូលរួមនៅលើបណ្តាញសង្គមនោះ ស្រីស្អាត កែវ សុបញ្ញា បានបញ្ជាក់ច្បាស់ៗអំពីពេលវេលាថ្ងៃចូលរោងជ័យរបស់នាងសម្រាប់មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ។ មង្គលការរបស់ស្រីស្អាត កែវ សុបញ្ញា នឹងរៀបចំឡើងនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២ ខណៈពេលភ្ញៀវកិត្តិយសដែលនាងអញ្ជើញនោះ ភាគច្រើនគឺជាអ្នកសិល្បៈ។
តារាចម្រៀងនាង កែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយលោក ប៉ាល់ ប៉ោស៊ាង ជាមន្ដ្រីកងរាជអាវុធហត្ថ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីអនាគតស្វាមីរបស់នាង បានព្យាយាមតាមសុំស្រលាញ់នាងអស់រយៈពេលប្រមាណជាង១០ឆ្នាំមកហើយ ។ ក្រោយពេលបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នានោះមក ស្រីស្អាត កែវ សុបញ្ញា មិនបានលាក់លៀមគូរស្នេហ៍របស់នាងឡើយ ពោលគឺនាងតែងតែបើកចំហរជាសាធារណៈ ដោយជារឿយៗគូរស្នេហ៍របស់នាងតែងតែបង្ហាញវត្តនៅពេលនាងឡើងឆាកច្រៀងម្តងៗ។
ក្រោយរៀបការរួច ស្រីស្អាត កែវ សុបញ្ញា អាចនឹងបន្តអាជីពរបស់ខ្លួនដដែល ដោយសារអនាគតស្វាមីរបស់នាងនៅតែអនុញ្ញាតឲ្យនាងលេងសិល្បៈត.ទៅទៀតតាមចិត្តចង់របស់នាង ។ ដោយឡែកសម្រាប់អាជីពសិល្បៈវិញ តារាចម្រៀងរូបនេះបញ្ជាក់ទៀតថា «ក្រោយរៀបការហើយ នាងនឹងនៅតែបន្តអាជីពមួយនេះដដែល ពោលគឺនាងចង់អោយអាជីពសិល្បៈ និងមុខរបររបស់នាងដើរទៅទន្ទឹមគ្នា»៕