បុរស២នាក់ ចេញពីផឹកស៊ីស្រវឹង ហើយជិះម៉ូតូមួយគ្រឿង បំពានភ្លើងស្តុប រួចក៏ជ្រុលទៅបុកនឹងរថយន្ត
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបលូប្រាំ ផ្លូវវេងស្រេង កែងផ្លូវលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
មុនពេលកើតហេតុ គេឃើញបុរសប្តីប្រពន្ធ២នាក់បើករថយន្តម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BH 7340 ធ្វើដំណើរតាមបណ្ដោយផ្លូវលូប្រាំ ទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ហើយមានភ្លើងស្តុបអទិភាព អ្នកបើកបររថយន្តបានបើកបន្តដំណើរទៅមុខទៀត តែគាប់ជួនពេលនោះ ស្រាប់តែបុរស២នាក់មិនដឹងថា តើចេញពីផឹកស៊ីនៅទីណានោះទេ? បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HL 9625 បោះពួយតាមបណ្ដោយផ្លូវវែងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងផង ថែមទាំងមិនគោរពភ្លើងស្តុបទៀត ក៏ជ្រុលទៅបុកនិងរថយន្តចំផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំ បាក់កញ្ចក់មើលក្រោយ និងក្រពឹតទ្វាររថយន្តទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ។ ដោយឡែកខាងម៉ូតូវិញ រងការខូចខាតវៀចជំពាស់ខាងមុខ ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសដៃជើង និងបែកមាត់ហូរឈា.ម សន្លប់ស្តូកមួយសន្ទុះក៏ដឹងខ្លួនវិញ។
ពាក់ព័ន្ធក្នុងហេតុការណ៍នេះដែរ បន្ទាប់ពីអ្នកបើកម៉ូតូដឹងខ្លួនវិញហើយ សមត្ថកិច្ចបានអោយភាគីទាំងសងខាងយកមធ្យោបាយអែបកៀន ហើយធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តទាមទារសំណងចំនួន១០០ដុល្លារ តែខាងម៉ូតូវិញអត់មានលទ្ធផលសងនោះទេ គឺមានតែទូរសព្ទ័មួយគ្រឿងប៉ុណ្ណោះ ហើយក៏លើកដៃសំពះសុំទោស និងលត់ជង្គង់សុំទោសភាគីខាងរថយន្តតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ដោយសារតែមានការអធ្យាស្រ័យពីខាងរថយន្ត គឺមិនទាមទារសំណងពីខាងម៉ូតូនោះទេ គឺសុខចិត្តយកមធ្យោបាយទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្ដង៕