គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ជ្រុលបុកកិនបែកក្បាលធ្លាយខួរស្លាប់ ក្នុងថ្លុកឈាម

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍វ៉ាជែងជាមួយរថយន្តដឹកថ្មជ្រុលបុកនិងកិនបណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គង់ សារ៉ាយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់បង្អែមគ្រប់មុខ បោះដុំ ស្នាក់នៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនកើតហេតុនោះគឺ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា PCX ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1GD-5974ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំដឹកស៊ីម៉ងត៍មួយគ្រឿងមិនស្គាល់ផ្លាកលេខ បើកវ៉ាជែងគ្នាជាមួយរថយន្តដឹកថ្មមួយគ្រឿងទៀតបណ្ដាលឱ្យជ្រុលទៅបុកម៉ូតូនិងកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ចំណែករថយន្តបង្ករបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការរស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង