តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រខ្មែរ ផ្ដល់គោរមងារជា «ឧកញ៉ា»
(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ និងមានឈ្មោះល្បីរាប់ឆ្នាំ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិតថា «ខែម ប៊ុនថៃ» ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យទៅការងារសិល្បៈ បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេសហើយនោះ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់ជំនួញថ្មីមួយទៀត គឺការងារលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះ និងដីឡូតិ៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយនឹងភាពជោគជ័យព្រមៗគ្នានេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានចូលរួមក្នុងការងារសង្គម តាមរយៈការជួយជាថវិកាកសាងសមិទ្ធផលនានា ក្នុងខេត្តបន្ទាយមានជ័យ និងការងារមនុស្សធម៌ជាច្រើនទៀត។ តាមរយៈសកម្មភាពជួយដល់សង្គមជាតិខាងលើនេះ បានធ្វើឲ្យរូបលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យប្រទានងារជា «ឧកញ៉ា» ដល់រូបលោក។
សូមបញ្ជាក់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឧកញ៉ាខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕