រថយន្ដដឹកទឹកសុទ្ធបុកម៉ូតូស្កុពី បណ្តាលឲ្យក្មេងស្រីសិស្ស ២នាក់ រងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកទឹកសុទ្ធ មួយគ្រឿង ពាក់ស្លាកលេខកោះកុង 3A-0450 បានបើកបុកម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1IC-4424 បណ្តាល ឲ្យក្មេងស្រីសិស្សសាលាប៊ែលធីចំនួន០២នាក់ ដួលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១៩ ក្នុងបុរីមួយកន្លែងនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុមួយគ្រឿង បានបើកបរធ្វើដំណើរតាមបណ្តោ យផ្លូវលេខ១៩ ទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ត្រង់កន្លែងផ្លូវបែកជាបួន ស្រាប់តែរថយន្តបានបើកបុកម៉ូតូស្កុពីមួយគ្រឿងពេញទំហឹង បណ្តាលឲ្យក្មេងស្រីសិស្សសាលាប៊ែលធីចំនួន០២នាក់ បានដួលរងរបួស យ៉ាងធ្ងន់ធ្ងរ ។ ខណ:ពេលនោះ ក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ បន្ទាន់ផងដែរ ។
តាមការបញ្ជាក់ពីបុរសម្នាក់ ដែលបានអះអាងថា ត្រូវជាឪពុកក្មេងស្រីរងគ្រោះថា កូនស្រីរបស់គាត់មានអាយុ១៤ឆ្នាំ បានជិះម៉ូតូម៉ាក ស្កុពីមួយគ្រឿងចេញពីផ្ទះដើម្បីទៅយកមិត្តភ្តិធ្វើដំណើរទៅសាលារៀន មិនទាន់ទាំងបានទៅដល់សាលារៀនផង ស្រាប់តែបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ។
រីឯតៃកុងរថយន្តបង្កហេតុខាងលើនោះ គាត់ក៏បាននិយាយប្រាប់ឲ្យដឹងដែរថា គាត់បើកបររថយន្តល្បឿនល្មមដែរទេ ប៉ុន្តែម៉ូតូក្មេងស្រីរងគ្រោះបើកបរក្នុងល្បឿនលឿនកាត់មុខ មកដល់ត្រង់ចំណុចកើតហេតុ គឺអ្នកបើកបររថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បណ្តាលឲ្យជ្រុលបុកតែម្តង ។
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃស លោកបានចុះទៅដល់ត្រង់ចំណុចកន្លែងកើតហេតុ ។ បន្ទាប់មកធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងសងខាងធ្វើការដោះ ស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង