សមត្ថកិច្ចកម្ពុជា បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទនៅច្រកទ្វារព្រំដែនអូរស្មាច់ និងជាំ ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្រោយភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ និងជាំ គឺបើកដំណើរការតាមម៉ោងកំណត់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានឆែកឆេរពិនិត្យរាល់មុខទំនិញដែលនាំចូលមកកម្ពុជា សំដៅទប់ស្កាត់ និងបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ។
សូមជម្រាបថា ក្រោយផុតឱសានវាទ ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់នោះ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ។ ក្នុងករណីក្រុមយោធាថៃ បើកដំណើរការព្រំដែនឲ្យវិលមករកប្រក្រតីភាពវិញ កម្ពុជាក៏បើកដំណើរការដូចគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង