រកឃេីញមានសារធាតុគីមីហាមឃាត់ Formalin ក្នុងគ្រឿងសមុទ្រ និងសារធាតុគីមីហាមឃាត់ Borax ក្នុងពពុះសណ្តែក
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប.ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យធ្វេីតេស្តបឋមលេីគ្រឿងសមុទ្រ នំបញ្ចុក ពពុះសណ្តែក គុយទាវសរសៃធំ គុយទាវសរសៃតូច និងប្រហិតបៀក ចំនួន០៦តូបនៅក្នុងផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
យុទ្ធនាការនេះដែរ មន្ត្រីជំនាញបានដកយកគំរូចំនួន១០គំរូ ដែលក្នុងនោះមាន (Formalin ចំនួន៥គំរូ និងBorax ចំនួន៥គំរូ) ដើម្បីពិនិត្យធ្វេីតេស្តបឋម ហើយជាលទ្ធផលយេីងរកឃេីញមានសារធាតុគីមីហាមឃាត់ Formalin ក្នុងគ្រឿងសមុទ្រ និង មានសារធាតុគីមីហាមឃាត់ Borax ក្នុងពពុះសណ្តែក ដូចជា ,ដៃមឹកធំ ចំនួន ៤.៤០គីឡូក្រាម .មឹករំដួល ចំនួន៣.២០គីឡូក្រាម ,ពពុះសណ្តែក០.៥០គីឡូក្រាម សរុបចំនួន ៨.១០គីឡូក្រាម ។
ក្រោយធ្វេីតេស្តរកឃេីញមានសារធាតុគីមីហាមឃាត់ Formalin និង សារធាតុគីមីហាមឃាត់ Borax មុខម្ហូបខាងលើត្រូវបានមន្រ្តីជំនាញដកហូតយកមកកំទេចចោលនៅសាខា ក.ប.ប. តាមនីតិវិធី និងបានធ្វេីកិច្ចសន្យាដល់អាជីវករដើម្បីបញ្ឈប់ការលក់គ្រឿងសមុទ្រដែលមានសារធាតុគីមីហាមឃាត់តទៅទៀតផងដែរ៕