ឆ្លើយតបនឹងអ្នកវិភាគជ្រុលនិយមថៃ មួយក្តាប់តូច, ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បញ្ជាក់ថា «ពងមាន់កម្ពុជា ជាពងមាន់ដែកថែប អាចជល់បំបែកដុំថ្មថៃ ឱ្យបាក់បែកខ្ទេចខ្ទីបានដោយស្រួល»
(ភ្នំពេញ)៖ ឆ្លើយតបនឹពាក្យស្លោកដែលក្រុមអ្នកវិភាគជ្រុលនិយមថៃ និងក្រុមអ្នកវិភាគអន្តរជាតិខ្លះ បានលើកឡើងថា បើផ្ទុះសង្រ្គាមឡើងរវាងប្រទេសទាំង២ កម្ពុជាប្រៀបដូច «យកពងមាន់ ទៅជល់នឹងថ្ម» ដូចក្នុងអំឡុងព្រឹត្តិការណ៍ឆ្នាំ២០០៨-២០១១ កន្លងមក។
ឆ្លើយតបជាមួយការវិភាគតាមការស្រម៉ៃនេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្ករក្ស បានបញ្ជាក់ត្រឡប់ទៅវិញថា ពងមាន់កម្ពុជា ជាពងមាន់ដែកថែប ដែលអាចជល់បំបែកដុំថ្មថៃ ឱ្យបាក់បែកខ្ទេចខ្ទីបានដោយស្រួល។ យុទ្ធសាស្ត្រសង្គ្រាមមិនពឹងផ្អែកតែលើកម្លាំងយោធា និងសម្ភារសឹកតែម្ខាងនោះទេ គឺត្រូវចេះរៀបចំក្បួនកលយុទ្ធ និងមានយុទ្ធសាស្រ្តច្បាស់លាស់គ្រប់ជ្រុងជ្រាយទើបមានជ័យជម្នះ។
លោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំបញ្ជាដ៏វៃឆ្លាត អង់អាចក្លាហាន និងមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យក្រុមអ្នកវិភាគជ្រុលនិយមថៃ និងអន្តរជាតិ ភ្លឺភ្នែក និងស្គាល់ពីពងមាន់ដែកថែបកម្ពុជាកាន់តែច្បាស់ និងលែងហ៊ានប្រៀបធៀបដូចមុនទៀត (ពងមាន់ ទន់ – ថ្ម រឹង យុទ្ធសាស្ត្រតេជោ៖ ប្រើទន់បង្ក្រាបរឹង)។
លោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានរម្លឹកថា នៅពេលប្រទេសកម្ពុជា ត្រូវបានប្រទេសថៃ បញ្ជូនកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហារ ក្នុងអំឡុងព្រឹត្តិការណ៍នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលអង្គការ UNESCO សម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺថៃ នៅតែមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ក្នុងតំបន់ ៤.៦គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារ រួមទាំងទិសទី៣ ខេត្តឧត្តរមានជ័យ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រសាទតាក្របី ឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ក្នុងនោះក្រោមការវិភាគរបស់ពួកជនជាតិថៃ និងអន្តរជាតិផ្សេងៗ ផ្អែកទៅលើសេដ្ឋកិច្ច កម្លាំងទ័ព ចំនួនប្រជាពលរដ្ឋ ទំនើបកម្មយោធា សព្វាវុធទំនើបៗរបស់ថៃ ប្រៀបធៀបជាមួយកម្ពុជា បានវិភាគមើលឃើញញថា ប្រសិនបើកងទ័ពកម្ពុជា មានការប៉ះទង្គិចប្រយុទ្ធជាមួយកងទ័ពថៃ នោះកងទ័ពកម្ពុជា មិនអាចយកឈ្នះលើកងទ័ពថៃ បាននោះឡើយ។
លោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានលើកឡើងថា ប៉ុន្តែផ្ទុយទៅវិញ ផ្អែកទៅលើបទពិសោធន៍ចាស់ទុំ ទាំងផ្នែកនយោបាយការទូត និងបទពិសោធន៍ក្នុងការដឹកនាំបញ្ជាប្រយុទ្ធយ៉ាងច្រើនលើសមរភូមិ ប្រកបដោយ ភាពច្បាស់លាស់ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយការគោរពបទបញ្ជារបស់មេបញ្ជាការនាយ-ពលទាហានគ្រប់ជាន់ថ្នាក់ មានសាមគ្គីភាព ភក្តីភាពដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំរបស់កងទ័ពកម្ពុជា នៅលើសមរភូមិប្រយុទ្ធ ក្នុងតួនាទីភារកិច្ច ការពារជាតិ ការពារបូរណភាពទឹកដី និងការគោរពបទបញ្ជា វិន័យថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ រហូតទទួលបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធ ធ្វើឱ្យភាគីរដ្ឋាភិបាលថៃស្នើសុំចរចា។
ពេលនោះហើយ គឺបានបញ្ជាក់យ៉ាងច្បាស់ឱ្យឃើញញថា ពួកបច្ចាមិត្ត និងអ្នកវិភាគទាំងនោះ បានវាយតម្លៃខុស មកលើកងទ័ពកម្ពុជា ក្រោមការដឹកនាំបញ្ជាដោយសម្តេចតេជោ ហ៊ុន សែន (ប្រែក្លាយពងមាន់ធម្មតា ជាពងមាន់ដែកថែបដ៏រឹងមាំ បានវាយបំបែកដុំថ្មឱ្យបែកប្រេះស្រាំខ្ទិចខ្ទី)។
មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស បានបន្តថា នៅពេលបច្ចុប្បន្ននេះ កងទ័ពថៃបានចូលឈ្លានពានទឹកដីកម្ពុជាទាំងបំពានម្តងទៀត។ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍ជាច្រើនក្នុងវិស័យយោធា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងធ្វើឱ្យកងទ័ពថៃ ជាន់ដានប្រវត្តិសាស្ត្របរាជ័យច្រំដែល ដូចអំឡុងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ យ៉ាងអាម៉ាស់ម្តងទៀត៕