ប៉ូលិសអាមេរិក ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងសំណុំរឿងបាញ់សម្លាប់តំណាងរាស្ត្រ ក្នុងរដ្ឋ Minnesota

(Reuters)៖ ប៉ូលិសអាមេរិក នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា បានចាប់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថាជាខ្មាន់កាំភ្លើងដែលបានចូលបាញ់សម្លាប់តំណាងរាស្ត្រអាមេរិកម្នាក់ ក្នុងរដ្ឋ Minnesotaមកពីគណបក្សប្រជាធិបតេយ្យ និងស្វាមីរបស់លោកស្រី ដល់ក្នុងផ្ទះ ដោយបន្លំខ្លួនជាមន្ត្រីប៉ូលិស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សារព័ត៌មានអាមេរិក ABC News បានរាយការណ៍ថាបុរសម្នាក់ត្រូវបានចាប់ខ្លួន នៅក្បែរកសិដ្ឋានមួយរបស់ជនសង្ស័យរូបនេះ ស្ថិតនៅក្បែរទីក្រុង Green Isle រដ្ឋ Minnesota។ មន្ត្រីប៉ូលិសប្រចាំតំបន់ ក៏បានបង្ហោះរូបមួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ ដោយបង្ហាញមុខជនសង្ស័យដែលប៉ូលិសបានតាមប្រមាញ់មានឈ្មោះថា Vance Luther Boelter មានអាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា ប៉ូលិសអាមេរិក បានបើកប្រតិបត្តិការតាមប្រមាញ់ទ្រង់ទ្រាយធំ ដើម្បីតាមចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងខាងលើ បន្ទាប់ពីបានបាញ់សម្លាប់តំណាងរាស្ត្រអាមេរិកប្រចាំរដ្ឋ Minnesota មកពី គណបក្សប្រជាធិបតេយ្យ លោកស្រី Melissa Hortman និងស្វាមីរបស់លោកស្រី គឺលោក Mark កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅក្នុងផ្ទះរបស់អ្នកទាំង២។ ហេតុការណ៍បាញ់ប្រហារនេះត្រូវបានអភិបាលរដ្ឋ Minnesota លោក Tim Walz ចាត់ទុកថាជាការធ្វើឃាតមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
ជនសង្ស័យឈ្មោះ Vance Luther Boelter ត្រូវបានគេបានរាយការណ៍ថាក៏បានប៉ុនប៉ងបាញ់សម្លាប់តំណាងរាស្ត្រម្នាក់ផ្សេងទៀត ក្នុងរដ្ឋ Minnesota គឺលោក John Hoffman ផងដែរ។ លោក John Hoffman និងភរិយា គឺលោកស្រី Yvette បានរងរបួស នៅឯគេហដ្ឋានរបស់អ្នកទាំង២ ក្រោយរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង៕]

អត្ថបទដែលជាប់ទាក់ទង