សម្តេចតេជោ ហ៊ុន សែន ៖ នៅកម្ពុជាមានតែរដ្ឋាភិបាលមួយគត់ មានសិទ្ធិសម្រេចគ្រប់យ៉ាង រាប់ទាំងការបញ្ជាទ័ព ប៉ុន្តែថៃវិញ រដ្ឋាភិបាលគ្មានសិទ្ធិបញ្ជាការការងារនោះឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា នៅកម្ពុជា មានតែរដ្ឋាភិបាលមួយគត់ តែមានសិទ្ធិសម្រេចគ្រប់យ៉ាង រាប់ទាំងការបញ្ជាទ័ព ពោលគឺសំឡេងតែមួយ ប៉ុន្តែ នៅប្រទេសថៃវិញ រាជរដ្ឋាភិបាលេះនិងនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាការងារនោះឡើយ។
តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «គេបានដឹងហើយថា ទម្លាប់នៅក្នុងប្រទេសថៃ វាយ៉ាងម៉េច? យើងយល់ យើងស្គាល់ រដ្ឋាភិបាល រហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយ ឱ្យបើក ឬឱ្យបិទ ឯនៅទីនេះ (កម្ពុជា) គឺមានតែនាយករដ្ឋមន្ត្រីទេ ហើយជាតួអង្គតែមួយពីលើ ដល់ក្រោម រាប់ទាំងតួអង្គរដ្ឋសភា ព្រឹទ្ធសភា តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងតួអង្គកម្លាំងប្រដាប់អាវុធ គឺជាតួអង្គតែមួយទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបង្ហាញការមិនយល់ ហើយរឿងដែលកំពុងកើតមាននៅប្រទេសថៃ គឺជារឿងរបស់ថៃនោះទេ ករណីនេះកម្ពុជា មិនបានជ្រែតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃនោះដែរ ក៏ប៉ុន្តែ ហេតុអ្វីបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា តែបែរជាគ្មានសិទ្ធិបើកព្រំដែន។ សម្រាប់កម្ពុជា បើថៃបើកនៅម៉ោង ១យប់ យូរបំផុតត្រឹម៥ម៉ោងកម្ពុជាបើក។ បើពេលថ្ងៃវិញ ក្រោយថៃបើក ត្រឹមតែ១ម៉ោង ឬ២ម៉ោង គឺកម្ពុជាបើកវិញជាធម្មតាហើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ថៃ ជាអ្នកបិទច្រកព្រំដែនជាឯកតោភាគី ដូច្នេះ វាងាយណាស់គ្រាន់ថៃ គ្រាន់តែដកបទបញ្ជានេះវិញ គឺវាចប់បាត់ទៅហើយ។ ពោលគឺគ្មានចាំបាច់ចរចា អន្ទង់វែង ឆ្នាំងវែងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាធ្ងន់ៗថា កម្ពុជា មិនយកកិត្តិយសរបស់ខ្លួនទៅឡូកឡំជាមួយនឹងកំហុសរបស់អ្នកដទៃ បានប្រព្រឹត្តនោះទេ ថៃជាអ្នកចង ថៃត្រូវតែជាអ្នកស្រាយ កម្ពុជាគ្មានចំណែកទៅជួយដោះស្រាយរឿងបិទព្រំដែនជាមួយថៃឡើយ។ កម្ពុជា សង្ឃឹមថា ភាគីថៃនឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្ត ហើយខ្លួនមកដាក់លក្ខខណ្ឌចរចា កម្ពុជាអត់ទទួលយកបានទេ៕

អត្ថបទដែលជាប់ទាក់ទង