មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ និងការ ចាត់ វិធានការចាំបាច់នានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងចំណាត់ការប្រកបដោយភាពម៉ឺងម៉ាត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជនកម្ពុជា ទាំងវិធានការការទូត វិធានការផ្លូវច្បាប់ និងវិធានការយោធាចំពោះសត្រូវសៀមដែលមានមហិច្ចតាឈ្លានពានទឹកដីកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការចរចា និងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមកដល់ពេលនេះបានចំនួន ៨៤% រួចហើយ និងការចចារបោះបង្គោលព្រំដែនរវាងកម្ពុជានិងឡាវ បាន ៨៦% ហើយ នៅឡើយជាមួយថៃ ដែលក្នុងរយៈពេល ២៥ឆ្នាំនេះ បានត្រឹមចរចា និងការស្វែងរកបង្គោលព្រំដែន ហើយមិនទាន់បានឯកភាពបោះបង្គោលព្រំដែន បានមួយបង្គោលនៅឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពី ការ កែសម្រួល កម្លាំង ទ័ព នៅ ក្នុង តំបន់ មាន ជម្លោះដែលបាន ការ ស្រុះស្រួល គ្នា រវាង មេបញ្ជាការ កង ទ័ព ទាំង ពីរ ប្រទេស ដេីម្បី បញ្ជៀស សង្គ្រាម បង្ហូរ ឈាម ជាទ្រង់ទ្រាយ ធំ តែ មិន មែន ជា ការ ដក កង ទ័ព ចេញ ពី ដែនអធិបតេយ្យភាពរបស់កម្ពុជាឡេីយ ហើយ ជាមួយ នេះ ដែរ សម្ដេចតេជោ ហ៊ុន សែន និង សម្តេច ធិបតីហ៊ុន ម៉ាណែត ក៍បាន បញ្ជាក់ រួច ហើយ អំពីការយកតំបន់ទាំងបួនរួមមាន តំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ (ICJ) ដើម្បីបញ្ចប់បញ្ហាជម្លោះ ។ ហើយក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីរបៀបណា ដោយយុត្តិធម៌ កម្ពុជានិងទទួលយក។នៅ តំបន់ខាង លេីនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយ និងបាន ផ្ញើ សារ លិខិត ទៅ រាជ រដ្ឋាភិបាល ថៃ ចូលរួម ដោះស្រាយ វិវាទ ព្រំ ដែន នៅ តុលាការ យុត្តិធម៌ អន្តរជាតិ ICJ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនគ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី មិនឱ្យសត្រូវសៀមមករំលោភឈ្លានពានបានឡើយ៕