សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្តីពីការងារសាខា និងបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់លោកអនុសេនីយ៍ត្រី គីម សារី ដែលបម្រើការងារកងពលលេខ៩ ខេត្តព្រះវិហារ ជាស្វាមីរបស់សពស្រី្តមានផ្ទៃពោះ ដែលបានទទួលមរណៈភាពដោយសារជំងឺ
ភ្នំពេញ៖ នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត មានកិច្ចប្រជុំការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមាជិកាគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងបានបន្តដំណើរចុះទៅចុះសួរសុខទុក្ខ ក៍ដូចជាចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រុមគ្រួសារនៃសព អំណោយទាំងនោះរួមមាន៖ ផ្ទះ ១ខ្នង ទំហំ ៥ម៉ែត X១២ម៉ែត(សាងសង់អំពីបេតុង) ដែលមានភ្ជាប់ដោយប្រព័ន្ធបណ្តាញអគ្គីសនី ព្រមទាំងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងកង់អគ្គិសនីចំនួន ២គ្រឿង ជូនដល់កូនៗរបស់សព ទុកសម្រាប់ការប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅមកក្នុងការសិក្សា និងការប្រើប្រាស់ប្រចាំថ្ងៃ ក្រុមការងារសាខាខេត្ត និងដំណើរការសាងសង់ផ្ទះ ក្នុងពេលឆាប់ៗនេះ។
លោកអនុសេនីយ៍ត្រី គីម សារី បានសម្តែងការថ្លែងនូវអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក។ បន្ថែមពីនេះ លោកអនុសេនីយ៍ត្រី គីម សារី ក៍បានថ្លែងអំណរគុណដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសប្បុរសជនទាំងអស់៕