ស្នងការខេត្ដតាកែវ បញ្ជាឱ្យនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់លុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងឱ្យអស់ ក្នុងភូមិសាស្ត្រខេត្ដតាកែវ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ បានធ្វើការណែនាំដល់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តតាកែវ ឱ្យអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត។
ជាពិសេសត្រូវទប់ស្កាត់ឱ្យបានចំពោះរថយន្តដឹកទំនិញសំពីងសំពោងដែលកំពុងមានចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រនៃខេត្ដឱ្យបាន ដើម្បីរួមចំណែកទប់ស្កាត់នៅគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយសាររថយន្តដឹកសំពីងសំពោង ហើយបើសមត្ថកិច្ចទប់ស្កាត់ការដឹកទំនិញសំពីងសំពោងមិនបានទេ វានឹងក្លាយទៅជាបញ្ហាអនាធិបតេយ្យ ហើយអ្នកដែលត្រូវប្រជាពលរដ្ឋរិះគន់មុនគេ គឺចៅហ្វាយខេត្ត ដូច្នោះត្រូវយកច្បាប់មកអនុវត្តដោយគ្មានមនោសញ្ចេតនាព្រោះមនោសញ្ចេតនា និងច្បាប់គឺខុសគ្នា។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តតាកែវ បានសន្យានូវចំពោះមុខអង្គប្រជុំថានឹងទប់ស្កាត់ឱ្យអស់ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថានឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ។
នៅក្នុងកិច្ចប្រជុំជាមួយនិងផែនរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន រួមជាមួយនិងអធិការនគរបាលស្រុក និងក្រុងទាំង១០ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានឱ្យផែននគរបាលចរាចរណ៍ផ្លូវគោក និងអធិការនគរបាលក្រុងស្រុកទាំងអស់ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដតាកែវ ឱ្យបាន និងមិនត្រូវបន្តឱ្យមានរថយន្ដដឹកទំនិញសំពីងសំពោងនៅក្នុងភូមិសាស្ត្រខេត្ដតាកែវតទៅទៀតនោះទេ។
សូមបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាលឈរជើងនៅតាមគោលដៅផ្លូវជាតិ និងនៅតាមបណ្ដារស្រុក និងក្រុង បានអនុវត្តបទបញ្ជារ ដោយក្នុងនោះ បានធ្វើការឃាត់រថយន្ដដឹកទំនិញសំពីងសំពោង បានចំនួន ៧៥គ្រឿង និងតម្រូវឱ្យរថយន្តដែលដឹកសំពីងសំពោងនោះ ទំលាក់ឥវ៉ាន់ចុះចេញពីរថយន្ដឱ្យបានត្រឹមត្រូវ ឬសាងដាក់រថយន្ដផ្សេងបន្ត ហើយធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង