ព្រឹកថ្ងៃនេះ ! សមាជរដ្ឋសភានិងព្រឹទ្ធសភា បន្តសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម
(ភ្នំពេញ)៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភានិងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កាលពីម្សិលមិញតាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបានបើកការជជែកគ្នា តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ៕