បងបង្អូនខ្មែរកម្ពុជាក្រោម នាំយកស្បៀងអាហារជូនកងទ័ព នៅតំបន់មុំបី

(ភ្នំពេញ)៖ បងបង្អូនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជា បានស្បៀងអាហារ និងថវិកាមួយចំនួនទៅជូនដល់កងទ័ពដែលកំពុងឈរជើងនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ។
បងប្អូនខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា ដែលបាននាំយកស្បៀងអាហារ និងថវិកាទៅជូនកងទ័ពនៅតំបន់មុំ៣ កន្លែងកំពុងប្រឈមគ្នាជាមួយកងទ័ពថៃនៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ រួមមាន៖ លោក សាន សាង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា, លោក សឿង សុធានី ប្រធានប្រតិបត្តិសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា, លោក ប៉ែន អៀតយៀន ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមផងដែរ។
លោក សាន សាង បានបង្ហាញការស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ក្នុងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីពីការរំលោភបំពានរបស់សត្រូវ។
សម្រាប់ស្បៀងអាហារដែលបាននាំទៅជូនកងទ័ពនាពេលនេះ លោក សាន សាង ចាត់ទុកជាស្មារតីសាមគ្គីឧបត្ថម្ភគាំទ្រពីសំណាក់បងប្អូនខ្មែរកម្ពុជាក្រោម ក្នុងកិច្ចការពារបូរណភាពទឹកដី។
សម្រាប់លោក សាន សាង ស្បៀងអាហារមិនច្រើន តែបានបង្ហាញនូវស្មារតីនៃការរួមសាមគ្គីដ៏ធំធេង។ ដរាបណាមានការសាមគ្គីរវាងខ្មែរគ្រប់ទីកម្លាំង គ្មានកម្លាំងអមិត្ត បច្ចាមិត្តណាមកយាយីខ្មែរ រំលោភបំពានខ្មែរបាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង