នៅផ្លូវថ្មើរជើង Walk Street សប្តាហ៍នេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា (ឆ្នាំទេសចរណ៍កម្ពុជា-ចិន)

(ភ្នំពេញ)៖ នៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោកនោះ ឥឡូវនេះ ក៏ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដោយបានចាត់ទុកថា ផ្លូវ «ថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍ នៅរាជធានីភ្នំពេញ»។
នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋមកកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ (ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដែលក្នុងនោះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤-២៥ ឧសភា ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា (កម្ពុជា-ចិន) សំរាប់មហាជនទស្សនា នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ផ្លូវថ្មើរជើង (Walk Street) ដោយអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ឥឡូវនេះ ចំនួនប្រជាពលរដ្ឋមកលេងកំសាន្ត នៅផ្លូវថ្មើរជើងកាន់តែកើនឡើង ក៏កើតមានបញ្ហាខ្វះចន្លោះខ្លះ បញ្ហាការលក់ដូរ បញ្ហាចំណត និងបញ្ហាបរិស្ថាន អនាម័យ ត្រូវតែធ្វើការកែលម្អរ។
ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណះនៅផ្លូវថ្មើរជើង (Walk Street)។
ក្នុងកិច្ចប្រជុំនោះដែរ បានផ្តោតសំខាន់លើការសំអាតសំរាម, ការកំណត់ចំនួនស៊ីក្លូ ឱ្យចូលផ្លូវថ្មើរជើង តែ១៤គ្រឿង ក្នុងមួយថ្ងៃ (សៅរ៍ និងអាទិត្យ) ដោយឆ្លាស់គ្នា សំរាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ។
ចំពោះបញ្ហាធុងសំរាម ដែលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតិឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street) ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ។ តែអ្នកលក់ដូរតែងរុញចេញ ដើម្បីញែកកន្លែង សម្រាប់លក់ដូរ។ ផ្លូវថ្មើរជើង (Walk Street) មានអាយុ១៥សប្តាហ៍ហើយ។ តែយើងបានសង្កេតឃើញថា រយៈពេល២ ៣សប្តាហ៍ចុងក្រោយនេះ ការបាត់សណ្តាប់ធ្នាប់ ហាក់មានការកើនឡើង ដែលបញ្ហានេះយើងជាផ្នែកពាក់ព័ន្ធ ត្រូវតែមានវិធានការដោះស្រាយ និងរៀបចំអោយបានល្អប្រសើរ ជាពិសេសអាជ្ញាធរខណ្ឌដូនពេញ ទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់។
ចំណែកច្រកចេញ ចូលកាត់ទទឹង មានផ្លូវលេខ១៥៤ និងផ្លូវផ្សេងៗទៀត ត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រូវបិទផ្លូវទេ ចំពោះអ្នកផ្ញើមធ្យោបាយធ្វើដំណើរផ្សេងៗ។ ជាមួយគ្នានេះ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដូនពេញ បង្កើតលេខាធិការដ្ឋាន រួមទាំងដាក់វេនប្រចាំការជាប្រចាំ ដើម្បីរងចាំដោះស្រាយបញ្ហាបន្ទាន់ៗ នៅទីតាំងផ្លូវថ្មើរជើង (Walk Street) ៕

អត្ថបទដែលជាប់ទាក់ទង