ឃាត់ខ្លួនជនស..ង្ស័យ២នាក់ ពាក់ព័ន្ធធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លា..ប់ នៅក្នុងកម្មវិធីមង្គលការមួយកន្លែង
ខេត្តសៀមរាប៖ នគរបាលបានបញ្ជូនបុរសពីរនាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបករណីធ្វេសប្រហែស បណ្ដាលឲ្យមានជនរងគ្រោះពីរនាក់ស្លាប់ព្រោះតែត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅក្នុងកម្មវិធីមង្គលការមួយ។
មន្ត្រីនគរបាលខេត្តសៀមរាបបានអោយដឹងថា ឈ្មោះ ភក្រ្តា ភេទប្រុស អាយុ៤៤ ឆ្នាំ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួលរោងការនិងធុងបាស់ពីឈ្មោះ ធូ សុវណ្ណថង (ម្ចាស់រោង និងម្ចាស់ធុងបាស់) ដោយមានឈ្មោះ រី សារ៉ាយ(ជាអ្នកស៊ី ឈ្នួលចាក់ធុងបាស់,តភ្លើងសង់រោង)និងកម្មករ០៣នាក់ទៀតមកដំឡើងនិងដាក់ក្នុងកម្មវិធីការកូននៅផ្ទះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។
ក្រោយពីដំឡើងរោង និងរៀបចំប្រព័ន្ធភ្លើងព្រមទាំងធុងបាស់រួច ឈ្មោះ ធូ សុវណ្ណថង និងកូនចៅ០៣នាក់ទៀតបានត្រឡប់ទៅវិញ។ លុះដល់ព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៥ ម្ចាស់កម្មវិធីបានប្រាប់ ឈ្មោះ រី សារ៉ាយ ឲ្យចាក់ធុងបាស់។ រហូតដល់វេលាម៉ោង១៤ថ្ងៃខែឆ្នាំដដែល មានគេមកប្រាប់ម្តងរួចទៅហើយថាមានខ្សែភ្លើងដាច់ហើយឆក់អ្នកដែលមកចូលរួមក្នុងកម្មវិធី។
ក្រោយមកឈ្មោះ រី សារ៉ាយ បានយកខ្សែភ្លើងមានសភាពចាស់ទៅដូរ តែមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របពេលមានភ្លៀងរលឹមធ្លាក់មិនឈប់ផងនោះ នៅវេលាម៉ោង១៨:៣០ នាទីថ្ងៃខែដដែល ឈ្មោះ រី សារ៉ាយ បានដើរទៅបញ្ឆេះម៉ាស៊ីនភ្លើងដើម្បីបំភ្លឺ និងចាក់បាស់បន្ត។ ស្រាប់តែមានគេស្រែកប្រាប់ថា មានគេឆក់ខ្សែភ្លើងម្តងទៀតហើយ។ ឮភ្លាម ឈ្មោះ រី សារ៉ាយ ក៏រត់ទៅបិទបារ៉ែតភ្លើង ហើយទៅជួយលើកអ្នកដែលត្រូវខ្សែភ្លើង ឆក់នោះដាក់ឡានបញ្ជូនទៅពេទ្យដើម្បីសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ជនរងគ្រោះ ឈ្មោះ សួន ម្នី ភេទ ប្រុស អាយុ៤៤ ឆ្នាំនៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ និងស្តាប់ការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ព្រមទាំងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ជនសង្ស័យ ២ នាក់ទី១-ឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ចាក់ធុងបាស់ ស្រុកកំណើតនិងទីលំនៅបច្ចប្បន្ន ភូមិ ខ្នារជោ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ( ប្រវត្តិទោសគ្មាន )និង ទី២-ឈ្មោះ ធូ សុវណ្ណថង ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ មានរោងនិងធុងបាស់ សម្រាប់ជួលដាក់ក្នុងកម្មវិធីផ្សេងៗនិងមានស្រុកកំណើតនិងទីលំនៅបច្ចប្បន្ន ភមិ ខ្នាជោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា(ធ្វេសប្រហែស មិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់)។
ជនត្រូវចោទទាំង០២នាក់ ត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការឃុំខ្លួនហើយ ៕