បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ពុំដឹងថា មានរឿងអ្វីនោះទេ ត្រូវបានជនមិនស្គាល់មុខ ដឹកតាមរថយន្ត ១គ្រឿង យកទៅទម្លាក់ចោល

ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀល បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ពុំដឹងថា ទើបតែចូលមកដល់ប្រទេសកម្ពុជាថ្មីៗ ឬក៏ចូលមកយូរហើយនោះទេ ហើយក៏ពុំដឹងថា គាត់មានរឿងអ្វីនោះដែរ ត្រូវបានជនមិនស្គាល់មុខ ដឹកតាមរថយន្ត ១គ្រឿង យកទៅទម្លាក់ចោល។ ពេលនោះគាត់បានអូសវ៉ាលីស១ ដើរចុះឡើងៗបានមួយសន្ទុះប៉ុណ្ណោះ ក៏ស្រាប់តែដួលផ្កាម់មុខសន្លប់ស្ដូកស្ដឹង ដោយពុំដឹងថា គាត់ហេវហត់អស់កម្លាំងពេក ឬក៏មានបញ្ហាអ្វីផ្សេងទេ បន្ទាប់មកត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀល នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសនោះឈ្មោះ ANDRES អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ហើយពុំដឹងថា បច្ចុប្បន្នគាត់ស្នាក់នៅទីណានោះឡើយ នៅជាប់ខ្លួនគាត់មានវ៉ាលីស១ ហើយនៅក្នុងវ៉ាលីសនោះមានខោអាវមួយចំនួន លិខិតឆ្លងដែន លិខិតសម្គាល់ខ្លួន ប្រាក់ចំនួន៦ពាន់រៀល និងលុយឥណ្ឌូនេស៊ី ចំនួន២ពាន់ ។ សម្ភារៈទាំងនោះ ត្រូវនគរបាលយកទៅប្រគល់ឲ្យអាជ្ញាធរសង្កាត់ចោមចៅទី៣រក្សាទុក លើកលែងតែលិខិតឆ្លងដែន១ប៉ុណ្ណោះ ដែលត្រូវបានគ្រូពេទ្យបង្អែកពោធិ៍ចិនតុង ដកយកទៅ ដើម្បីសរសេរឯកសារផ្សេងៗ ។
នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត ១គ្រឿង បើកទៅឈប់នៅត្រង់ចំណុចកើតហេតុខាងលើ បន្ទាប់មកឃើញ បុរសនោះចុះពីលើរថយន្ត និងមានអូសវ៉ាលីស ១ផង ប៉ុន្តែពួកគាត់មិនបានចាំថា រថយន្តនោះម៉ាកអ្វីនោះទេ។ លុះដាក់បុរសនោះចុះហើយរថយន្តនោះ ក៏បើកចេញទៅបាត់ ចំណែកបុរសនេះ បានអូសវ៉ាលីស ពណ៍ផ្កាឈូក របស់គាត់ដើរចុះដើរឡើង និងសួរគេឯងរកប៉ុស្តិ៍នគរបាល ហើយមួយសន្ទុះក្រោយមក មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែដួលផ្កាម់មុខសន្លប់ស្ដូកស្ដឹង ទាំងមេឃកំពុងធ្លាក់ភ្លៀងថែមទៀតផង ។

បុរសនោះបានសន្លប់រយៈពេលប្រមាណ២ម៉ោង នៅមិនទាន់ដឹងខ្លួនទៀត ទោះបីពួកគាត់ជួយសង្គ្រោះបឋមក៏មិនដឹងខ្លួនឡើយ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយពួកគាត់ក៏បានរាយការណ៍ជូនប្រជាការពារភូមិ បានដឹង។ បន្ទាប់មកមេភូមិ ព្រមទាំងប្រជាការពារភូមិព្រៃទា១ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ រួចហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបុរសនោះទៅសង្គ្រោះ។ ប៉ុន្តែដោយមើលឃើញស្ថានភាពធ្ងន់ធ្ងរ រថយន្តពេទ្យបានដឹកបុរសនេះសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈវិញ ដោយឡែកមហាជនសង្ឃឹមថា សមត្ថកិច្ច នឹងបើកការស្រាវជ្រាវ ដើម្បីបានដឹងអំពីរឿងរ៉ាវរបស់បុរសនេះមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង