គ្រូបារមីកើនឡើងច្រើន ធ្វើអោយរដ្ឋាភិបាលនៅមិនស្ងៀម ហើយចេញវិធានការដើម្បីកុំអោយមានអ្នកយកជំនឿ និងសាសនាទៅបោកប្រាស់ប្រជាជន
ភ្នំពេញ ៖ គ្រូបារមីកើនឡើងច្រើន ធ្វើអោយរដ្ឋាភិបាលនៅមិនស្ងៀម ហើយចេញវិធានការដើម្បីកុំអោយមានអ្នកយកជំនឿ និងសាសនាទៅបោកប្រាស់ប្រជាជនដើម្បីប្រយោជន៍ ។
កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ ត បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ធ្វើការគ្រប់គ្រងអ្នកអះអាងថា មានបារមីកាន់ឲ្យបានច្បាស់លាស់ ខណៈ អ្នកយកសាសនាទៅឆបោក គឺល្មើសច្បាប់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី សម្តេចធិបតី បានណែនាំឱ្យ ក្រសួងធម្មការ និងសាសនាគ្រប់គ្រង អ្នកដែលអះអាងថា មានបារមីដែលហាក់មាននិន្នាការ កើនឡើងកាន់តែច្រើន ។
សម្តេចបានបញ្ជាក់ថា «ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនា ដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស ។ អ្វីដែល សំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះវាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម» ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចធិបតី បន្ទាប់ពីមានការបែកធ្លាយរឿងតារាចម្រៀង មាស សុខសោភា ជាមួយបុរសម្នាក់តាំងខ្លួនជាឥសី ពាក់ព័ន្ធនឹងថវិកាជាច្រើន ៕