ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី ដែលសម្រចបានប្រមាណ ៥០%
នៅរសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការដ្ឋានអនុគម្រោងកណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក Kento Hijikawa លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Miura Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានការងារសំខាន់ៗដូចជា៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣ កន្លែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយកគម្រោងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាង សង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ចែកជាពីរអនុគម្រោង ទី១)អនុគម្រោងរលាំងជ្រៃ និងទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕