ស៊ុតមាន់ចំនួនជិត២ម៉ឺនគ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីជំនាញធ្វើការឃាត់ និងដកហូត

ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្រាវជ្រាវស៊ើបអង្កេតរហូតកំណត់ ភិនភាគអត្តសញ្ញាណ រថយន្តមួយគ្រឿង បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម ត្រូវបានឃាត់ និងដកហូតស៊ុតមាន់ចំនួន ៦០ដុំ ស្មើនឹង១៨០០០គ្រាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២៣ និង៣៥នាទីយប់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់លើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានឲ្យដឹងថា រថយន្តម៉ាកSSANGYONG ISTANA ពាក់ស្លាកលេខ ភ្នំពេញ 2I-0231 បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការបង្ក្រាប។
ក្រោយឃាត់រថយន្ត និងដកហូតស៊ុតមាន់ទាំងនេះ ត្រូវបាន ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នាំយកទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង