លោកវរៈសេនីយ៍ឯក ហ៊ុន ហេង បើកឡានទាំងស្រវឹង បុករះ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ នៅមុខក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករះ បណ្ដាលឱ្យស្លាប់និងរបួសជាច្រើននាក់នោះហើយ គឺប្រធាការិយាល័យភស្តុភានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកវរៈសេនីយ៍ឯក ហ៊ុន ហេង ! ។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចំណុចស្តុបមុខក្រសួង មហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនបង្កបើករថយន្តយ៉ាងលឿនបុករះទៅលើម៉ូតូ កង់បី និងរថយន្ត បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ភ្លាមៗ ។
តាមប្រភពព័ត៌មានដែលទទួលបាន ជនបង្កបានចេញពីផឹកស៊ីនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះបង្កឡើងដោយរថយន្ដម៉ាកឡិចស៊ីស ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ គឺលោកវរៈសេនីយ៍ឯក ហ៊ុន ហេង ជាប្រធាការិយាល័យភស្តុភានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងចំណោមជនរងគ្រោះច្រើននាក់ដែលរងរបួស។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងករណីបុករះនេះ ក៏បណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និង រថយន្តព្រុស១គ្រឿងផងដែរ ខណៈអ្នកបើករថយន្ដបង្កត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗក្រោយបង្កហេតុ។
មុនកើតហេតុគេឃើញ នាយនគរបាលរូបនោះ បើករថយន្តម៉ាក ឡិចសុីស 400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ។ ខណៈបើករថយន្តចុះពីលើស្ពានបានបន្តិច រថយន្តបានរេចង្កូតទៅបុករះម៉ូតូ១គ្រឿង រថយន្តព្រុស និងកង់បីឥណ្ឌា២គ្រឿងទៀត ធ្វើអោយបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ស្លាប់ភ្លាមៗ ហើយរថយន្ដបង្កក៏បន្តទៅបុកបង្គោលដែក និងដើមឈើ១ដើមទៀត ទើបធ្វើឲ្យរថយន្តទៅមុខលែងរួច។
ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្ដបង្កមិនបានគេចខ្លួនទៅណានោះទេ និងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្ថែម និងចាត់តាមនីតិវិធី។ ចំណែកឯសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមជម្រាបថា ខ្លួនជានាយនគរបាល មានតួនាទីជាប្រធានការិយាល័យភស្តុភានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហេតុអ្វីបើកបរទាំងស្រវឹង ដែលច្បាប់មិនលើកលែងឡើយ? ៕