ករណីប្អូនប្រុសចាក់ស..ម្លាប់បងប្រុសបង្កើត នៅត្រង់ចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រោះខឹងបងប្រុស មិនជួយមើលថែម្តាយចាស់

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្អូនចិត្តសាហាវម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈដែលយកចំពាមបាញ់ និងយកព្រួញចាក់សម្លាប់បងប្រុសបង្កើតអូសយកទៅទំលាក់ទឹកស្រះក្រោយភូមិបណ្តាលឱ្យស្លាប់ ព្រោះតែខឹងរឿងមិនជួយមើលថែម្តាយដែលមានវ័យចំណាស់ ។

ករណីឃាត់ខ្លួនប្អូនប្រុសដាច់ចិត្តចាក់សម្លាប់បងប្រុសបង្កើតបានកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ជនដៃដល់ជាប្អូនសម្លាប់បងបង្កើតត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ហឿន ផន អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃវែង ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហឿន ផុល អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើតមុខរបរកសិករ រស់នៅក្នុងភូមិព្រៃវែង ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃវែង ឃុំ ប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីមនុស្សឃាតដោយចេតនា បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហឿន ផន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកចំពាមកៅស៊ូ គ្រាប់ដីលុញបាញ់ទៅលើឈ្មោះ ហឿន ផុល អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើត ដោយបងផឹកស្រាស្រវឹងស្រែកឡូឡារករឿងរូបគេពេលនោះជនសង្ស័យដៃដល់ដែលត្រូវជាប្អូនបង្កើតខឹងបានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះចំនួន០៤គ្រាប់ ត្រូវចំសៀតផ្កាមួយគ្រាប់ត្រូវខ្លួនចំនួន០៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះបានដួលទៅលើដីហើយ ជនសង្ស័យដៃដល់ជាប្អូនបានស្ទុះទៅធាក់ពីរជើងចំកញ្ចឹងករថែមទៀតរួចក៏អូសយកទៅកប់ក្រោយផ្ទះខាងលិចភូមិវាលស្រែដែលទើបភ្ជួររួចបន្ទាប់មកក៏បានកាយចេញវិញដោយជនសង្ស័យដៃដល់ មិនអស់ចិត្តខ្លាចជនរងគ្រោះមិនទាន់ស្លាប់ក៏បានយកស្នរចាក់ត្រី ចាក់ទៅលើជនរងគ្រោះចំនួនពីរស្នរចំកញ្ចឹងករបន្ថែមទៀត រួចហើយបានយកទៅកប់ក្នុងស្រះទឹកវិញ ដោយយកស្លឹកឬស្សី គ្របពីលើនិងយកជំនៀធាងត្នោត សង្កាត់ពីលើរួចក៏ត្រឡប់មកដេកផ្ទះវិញធម្មតា។
លោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថា លុះរហូតដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ បងប្អូនក៏បានដើររកឃើញសពជនរងគ្រោះនៅក្នុងស្រះទឹកក្រោយផ្ទះរួចក៏បានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង និងកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងបានសហការចុះទៅដល់ផ្ទះកើតហេតុជនសង្ស័យដឹងខ្លួនបានយកចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ច រួចបានស្រវ៉ាយកកាំបិតផ្គាក់រត់គេចខ្លួនរួចសមត្ថកិច្ចបានទិញតាមចាប់ពេលនោះ ជនសង្ស័យបានតដៃមកលើសមត្ថកិច្ចបន្ទាប់មកសមត្ថកិច្ចបានយកដំបងឬស្សីវែងវាយទម្លាក់កាំបិតផ្គាក់ពីដៃជនសង្ស័យទើបឃាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីសួរនាំរួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
មូលហេតុដែលប្អូនប្រុសបង្កើតដែលចិត្តដាច់ បាញ់ និងចាក់សម្លាប់បងប្រុសបង្កើតខ្លួនឯងនេះ ក៏ព្រោះតែខឹងបងប្រុសមិនជួយមើលថែម្ដាយបង្កើតដែលមានវ័យចំណាស់ទៅហើយនោះ ទើបប្អូនប្រុសក៏ទាញយកចំពាមកៅស៊ូបាញ់ចំក្បាល់បងប្រុស រួចហើយក៏យកព្រួញទៅចាក់បងប្រុសចំបំពង់កថែមទៀតបណ្ដាលឲ្យស្លាប់ មិនតែប៉ុណ្ណោះ ប្អូនប្រុសចិត្តសាហាវឃោឃៅបានអូសយកបងប្រុសទៅទំលាក់ក្នុងទឹកស្រះចម្ងាយប្រមាណ១០០ម៉ែត្រខាងក្រោយភូមិថែមទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញចុះទៅពិនិត្យសព។ និងឃាត់ខ្លួនបានជនដៃដល់ជាប្អូនប្រុសបង្កើតចិត្តសាហាវរូបនោះបានភ្លាមៗ ។
សមត្ថកិច្ចជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន ជនដៃដល់ជាប្អូនបង្កើតចិត្តសាហាវ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង