ក្រុមហ៊ុនQatar Airways ចុះកិច្ចព្រមព្រៀងយន្តហោះ Boeing រហូតដល់២១០គ្រឿងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Qatar Airways បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ ទី១៤ ខែ ឧសភា ដើម្បីទិញយន្តហោះប្រភេទ Widebody រហូតដល់ទៅ២១០គ្រឿងពីក្រុមហ៊ុនBoeing ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសឈូងសមុទ្រអារ៉ាប់ ។
យោងតាមសេតវិមានបានឲ្យដឹងថា កិច្ចព្រមព្រៀងសម្រាប់យន្តហោះ Boeing និងយន្តហោះ៧៨៧ជាមួយនឹងម៉ាស៊ីន GE Aerospace មានតម្លៃ៩៦ពាន់លានដុល្លារអាមេរិក។ វាគឺជាជោគជ័យមួយសម្រាប់លោក Trump ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់តំបន់នេះ ទោះបីជាវានឹងមានរយៈពេលជាច្រើនឆ្នាំមុនពេលយន្តហោះត្រូវបានដឹកជញ្ជូនក៏ដោយ។
ការលក់នេះក៏ជាការជំរុញមួយសម្រាប់ក្រុមហ៊ុន Boeing និងក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនធំបំផុតរបស់ខ្លួន នៅពេលដែលម៉ូឌែលធំរបស់ក្រុមហ៊ុនគូប្រជែង Airbus A350 ដែលដំណើរការដោយម៉ាស៊ីន Rolls-Royce បានជួបបញ្ហាថែទាំពីប្រតិបត្តិការក្នុងអាកាសធាតុក្តៅបំផុតរបស់ពិភពលោក រួមទាំងនៅតំបន់ឈូងសមុទ្រផងដែរ។
លោក Trump និងព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al-Thani របស់ប្រទេសកាតា បានចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg និងនាយកប្រតិបត្តិក្រុមហ៊ុន Qatar Airways លោក Badr Mohammed Al-Meer ។ លោក Trump បាននិយាយថា លោក Ortberg បានប្រាប់លោកថា វាគឺជាការបញ្ជាទិញយន្តហោះច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Boeing ។