ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងនៅវិទ្យាស្ថានព័ត៌មានជលសាស្ត្រ ប្រទេសថៃ
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំទ្វេភាគីក្នុងទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងនៅវិទ្យាស្ថានព័ត៌មានជលសាស្រ្ត នៃព្រះរាជាណាចក្រថៃ។
សូមជម្រាបថា វិទ្យាស្ថានព័ត៌មានជលសាស្ត្រថៃគឺជាស្ថាប័នសាធារណៈដែលបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៩ មានបេសកកម្ម ទី១)ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍លើការគ្រប់គ្រងព័ត៌មានជលសាស្ត្រ និងបង្កើនប្រសិទ្ធភាពនៃមជ្ឈមណ្ឌលទិន្នន័យជលសាស្ត្រនិងអាកាសធាតុជាតិ(NHC) ទី២)ធ្វើការរួមបញ្ចូលព័ត៌មាន និងសេវាកម្មរបស់មជ្ឈមណ្ឌលទិន្នន័យជលសាស្ត្រនិងអាកាសធាតុជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃការគ្រប់គ្រងព័ត៌មានជលសាស្ត្រជាតិ ទី៣)លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានជលសាស្ត្រ និងនវានុវត្តន៍ទាំងថ្នាក់ជាតិនិងអន្តរជាតិ និង ទី៤)ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានពីលទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅដល់រដ្ឋាភិបាល សាធារណជន និងវិស័យឯកជន៕