ឆក់ចរន្តអគ្គិសនីខ្សែភ្លើង ស្លា..ប់កម្មករកា..ប់ជ្រូកម្នាក់ នៅចំណុចសត្តឃាតដ្ឋានជ្រូក ថៅកែព្យាយាមលាក់សមត្ថកិច្ច
ភ្នំពេញ: នៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឆក់ចរន្តអគ្គិសនីខ្សែភ្លើងស្លាប់កម្មករកាប់ជ្រូកម្នាក់ នៅចំណុចសត្តឃាតដ្ឋានជ្រូក ស្ថិតនៅទីតាំងលេខ១៦៨ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ខាងលើមានឈ្មោះ វ៉ន ថៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ទីលំនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានដើរប៉ះជញ្ជាំងដែកដែលមានខ្សែភ្លើងកង្ហារដាច់ប៉ះជាប់ជញ្ជាំងបណ្ដាលឲ្យឆក់ដួលបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យពិនិត្យប្រាប់ថា ស្លាប់។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យនិងសាកសួរកម្មករដែលធ្វើការជាមួយគ្នានៅចំនុចកើតហេតុ តាមការបំភ្លឺពីឈ្មោះ ឌ្រឿង ធូ ភេទប្រុស ជាកម្មករធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១២នឹង៥នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ រូបគាត់និងជនរងគ្រោះព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នាធ្វើការកាប់ជ្រូកដូចសព្វដង, លុះដល់វេលាម៉ោង០៤នឹង៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានដើរទៅយកកាំបិតនៅលើតុ រួចដៃឆ្វេងជនរងគ្រោះបានប៉ះជញ្ជាំងដែកក៏ស្រាប់តែមានចរន្តអគ្គិសនីឆក់ជនរងគ្រោះពេលនោះរូបគាត់ក៏បានចាប់ទាញជនរងគ្រោះ ហើយធ្វើចលនាសង្គ្រោះ និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។តាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពកន្លែងកើតហេតុ
កន្លែងកើតហេតុនៅលើមានចាក់សាបមានសភាពសើម ទឹកដក ហើយជញ្ជាំងអគារមួយចំហៀងបានរៀបបាំងក្ដារបន្ទះដែកអ៉ីណុក នៅជាប់នឹងប្រឡោះឥដ្ឋខ្យល់ពីខាងលើក្ដារបន្ទះដែកជញ្ជាំងអ៉ីណុកឃើញមានកង្ហារចាប់ជញ្ជាំង១ពណ៌ខ្មៅ ខ្សែភ្លើងកង្ហារទម្លាក់មកក្រោមដាក់គងនៅលើដែកទំពួកដែលថ្ពួកជាប់ជញ្ជាំង ហើយខ្សែភ្លើងត្រង់នេះមានស្នាមដាច់ចេញលួសមកក្រៅ ទើបបណ្តាឲ្យឆក់ជនរងគ្រោះស្លាប់។
ក្រោយពេលពិនិត្យកន្លែងកើតហេតុ និងសពរួចសមត្ថកិច្ចជំនាញនិងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា សពជនរងគ្រោះខាងលើស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។
ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕