ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Anthony Gill

នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី តាមរយៈគម្រោងកែលម្អវិស័យធារាសាស្រ្ត(IAIP) និងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងឱកាសនោះ តំណាងប្រតិភូ លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីគោលបំណងរបស់ក្រុមបេសកកម្ម ដើម្បីជួបពិគ្រោះយោបល់សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះទីពីរ និងពិភាក្សាលើសំណើជំនួយបច្ចេកទេសគម្រោងកសាងផែនការមេអាងទន្លេកម្ពុជាដែលមានភាពធន់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកសាងផែនការមេអាងទន្លេមេគង្គកម្ពុជា ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តរួមយូរអង្វែងសម្រាប់ការពង្រឹងសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងផែនការអាងទន្លេប្រកបដោយនិរន្តរភាព ហើយថែមទាំងជួយជំរុញដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចសង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង