ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចុះពិនិត្យទីតាំងគម្រោងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី១ (WAT4CAM_Phase I) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជូនដំណើរលោក DOLLFUS Emmanuel នាយករងទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំក្រុងភ្នំពេញ ចុះពិនិត្យទីតាំងគម្រោងថ្មីៗ មួយចំនួនស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងរៀបចំកសាងកម្មវិធី WAT4CAM ដំណាក់កាលទី២ បន្តពីកម្មវិធី WAT4CAM ដំណាក់កាលទី១ ដើម្បីគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹក តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការកែលម្អផ្លូវទឹកធម្មជាតិ ដែលតភ្ជាប់ពីទន្លេមេគង្គទៅទន្លេសាប។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសគម្រោងទាំងនេះនឹងជួយកាត់បន្ថយហានិភ័យទឹកជំនន់ទន្លេមេគង្គសម្រាប់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយកម្មវិធី WAT4CAM ដំណាក់កាលទី២នេះ ក៏ចូលរួមក្នុងការពង្រឹងផ្លូវទឹក ជួយកាត់បន្ថយទឹកជំនន់ទន្លេមេគង្គ ជួយដល់ការធ្វើដំណើររបស់ត្រីក្នុងរដូវត្រីពងពីទន្លេមេគង្គទៅកាន់បឹងទន្លេសាប និងជួយគាំទ្រដល់ការកែលម្អមុខងារអេកូឡូស៊ីនៃអាងទន្លេសាបផងដែរ។
សូមបញ្ជាក់ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ បានទទួលហិរញ្ញប្បទានរបស់ទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ និងសហភាពអឺរ៉ុប ហើយដែលកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅជនបទឱ្យមានជីវភាពរីកចម្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង