ស្នងការរាជធានីភ្នំពេញ ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត ២លានរៀល ដល់នគរបាលខណ្ឌណាមួយ ដែលបង្ក្រាបបានបទល្មើសឆក់ ក្នុងមួយករណី
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសផ្ដល់ទឹកប្រាក់លើកទឹកចិត្តចំនួន ២លានរៀល ដល់នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌណាមួយ ក្នុងចំណោមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបានបទល្មើសឆក់បានមួយករណី។
ការប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តលើការបង្ក្រាបបទល្មើសឆក់នេះ ធ្វើឡើងនៅពេលលោកស្នងការអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការបង្ក្រាបប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមេសា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ លោក ជួន ណារិន្ទ ក៏បានណែនាំដល់លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ដែលត្រូវផ្លាស់ប្ដូរតួនាទីពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ៕